
យោងតាមព័ត៌មាននៅថ្ងៃនេះ បាននិយាយថា OPPO នឹងវិលត្រឡប់ចូលក្នុងទីផ្សារអឺរ៉ុបវិញហើយ។ ព័ត៌មានថ្មីនេះ ត្រូវបានក្រុមហ៊ុន OPPO ប្រកាសចេញនៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2024 ដែលរៀបចំឡើងនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួននឹងមានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find flagship series នៅក្នុងបណ្តាប្រទេសជាច្រើន ដែលខ្លួនធ្លាប់ប្រតិបត្តិការនាពេលកន្លងមកដដែល។
ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីការចាប់ដៃគ្នារវាងក្រុមហ៊ុន OPPO ជាមួយនិងក្រុមហ៊ុន Telefonica group របស់ប្រទសអេស្ប៉ាញ ដែលមានកិច្ចសន្យារយៈពេល 3 ឆ្នាំ។ ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើអោយក្រុមហ៊ុន OPPO បានប្រកាសត្រឡប់ចូលទៅកាន់ទីផ្សារអឺរ៉ុបវិញ។ អ្វីដែលគួរអោយស្តាយនោះ ស្មាតហ្វូនជំនាន់ថ្មី “upcoming gen of Find series” ម៉ូដែល Find X7 Ultra គឺនឹងមិនបានដាក់លក់នៅលើទីផ្សារអឺរ៉ុបនោះទេ ដូច្នេះហ្វេនៗរបស់ OPPO ត្រូវតែរង់ចាំវត្តមានរបស់ Find X8 series និង Find N4 foldables ជំនួសវិញ។

ទាក់ទងជាមួយនិងការប្រកាសដំណឹងថ្មីនេះ មានការរំពឹងថា ស្មាតហ្វូន OPPO Reno Series ក៏នឹងមានការត្រឡប់ចូលក្នុងទីផ្សារអឺរ៉ុបវិញដូចគ្នានៅក្នុងឆ្នាំ 2024 នេះផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនម៉ូដែលមានតម្លៃសមរម្យថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់នៅលើទីផ្សារអឺរ៉ុប។ បើតាមការបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនក្រុមហ៊ុន OPPO ជាមួយនិងក្រុមហ៊ុន Telefonica group របស់ប្រទសអេស្ប៉ាញនេះ OPPO នឹងអាចចាប់ផ្តើមដាក់លក់ស្មាតហ្វូនរបស់ខ្លួនតាមរយៈក្រុមហ៊ុននេះបានចំនួន 4 ប្រទេស។

ប្រទេសអេស្ប៉ាញ នឹងក្លាយជាទីផ្សារដំបូងគេ បន្ទាប់មកក្រុមហ៊ុន Telefonica ក៏នឹងបន្តលក់នៅលើទីផ្សារអាល្លឺម៉ង់ និងអៀរឡង់ ហើយនិងចក្រភពអង់គ្លេស។ សូមជំរាបថា ក្រុមហ៊ុន OPPO បានបញ្ឈប់ការលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារអឺរ៉ុប បន្ទាប់ពីមានការប្តឹងផ្តល់ទៅលើប៉ាតង់បច្ចេកវិទ្យា 5G ជាមួយនិងក្រុមហ៊ុន Nokia។ នៅពេលនេះ ក្រុមហ៊ុន OPPO បានចូលទីផ្សារអឺរ៉ុបបានវិញហើយ បន្ទាប់ពីកាលពីខែមុននេះ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងសារជាថ្មីជាមួយក្រុមហ៊ុន Nokia មានរយៈពេលយូរឆ្នាំ។
