
យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុន OPPO អាចនឹងមានការពង្រីកទៅលើត្រកូលស្មាតហ្វូន A- Series របស់ខ្លួន ជាមួយនឹងបន្ថែមនូវម៉ូដែល GT រួមនិងម៉ូដែល Max។ ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងមានតម្លៃប្រហែលជា 3,000 យ៉ន់ ហើយអាចនឹងមានការ upgrade កាន់តែខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា រួមនិងកម្លាំងម៉ាស៊ីន ព្រមទាំងមានថាមពលថ្មធំក្នុងការប្រើប្រាស់ថែមទៀតផង។
ខណៈដែលឈ្មោះស្មាតហ្វូននេះ នៅមិនទាន់បានទម្លាយនៅឡើយនោះ ថ្មីៗនេះ មានការបែកធ្លាយថា ស្មាតហ្វូនម៉ូដែលថ្មីៗនេះ នឹងមានអេក្រង់កម្រិត 1.5K គាំទ្រដោយ LTPS flat display បន្ទះឈីប Snapdragon 7 Series, កាមេរ៉ាភ្លោះ 50MP និងមានថាមពលថ្មធំថែមទៀត។ ប្រភពខាងលើនេះ បន្តថា ម៉ូដែលថ្មីនេះ គឺនឹងមានការ upgrade ច្រើនជាងស្មាតហ្វូន OPPO A5 និង A5 Pro ជាពិសេសទៅលើអេក្រង់ និងកម្លាំងម៉ាស៊ីនតែម្តង។

គួរបញ្ជាក់ថា ស្មាតហ្វូន OPPO A5 ដែលបង្ហាញខ្លួនកាលពីខែមីនាឆ្នាំនេះ គឺមានតម្លៃ 1,299 យ៉ន់ និងមានបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង AMOLED display បន្ទះឈីប Snapdragon 6 Gen 1។ OPPO A5 មានថាមពលថ្មទំហំ 6,500mAh មានទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។
សម្រាប់ស្មាតហ្វូន OPPO A5 Pro ដែលបង្ហាញខ្លួនកាលពីខែធ្នូឆ្នាំ 2024 គឺមានត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនឹងបន្ទះឈីប MediaTek Dimensity 7300 និងមានថ្មទំហំ 6,000mAh។ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវ IP69 នឹងមានតម្លៃ 1,949 យ៉ន់។

ក្រឡេកមកស្មាតហ្វូនម៉ូដែល GT និងម៉ូដែល Max នេះវិញ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជាវិធីសាស្រ្តថ្មីរបស់ក្រុមហ៊ុន OPPO នៅក្នុងការពង្រីកទៅលើគុណភាព និងសមត្ថភាពនៃស្មាតហ្វូនត្រកូល A series នេះ អោយបានកាន់តែទូលាយជាងមុន។ សូមជំរាបថា ការបែកធ្លាយខាងលើនេះ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនៃស្មាតហ្វូននេះទេ ប៉ុន្តែស្មាតហ្វូនថ្មីនេះអាចនឹងធ្វើការផលិតទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ៕
