
ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូន OPPO បានបញ្ជាក់កាលបរិច្ឆេទក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 និង Find X8 Pro ដែលនឹងមកដល់ផ្លូវការណ៍នាថ្ងៃទី 24 ក្នុងខែតុលានេះ នៅទីផ្សារប្រទេសចិន។ OPPO ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញស្មាតហ្វូន Find X8 ចំនួន 3 ស៊េរីនាថ្ងៃទី 24 ខាងមុខនេះ ក្នុងនោះរួមមាន Find X8, Find X8 Pro និង Find X8 Pro Satellite Communication ដោយស្មាតហ្វូនទាំងបីម៉ូដែលនេះ គឺប្រើប្រាស់កំពូលឈីបជំនាន់ថ្មីរបស់ MediaTek ស៊េរី Dimensity 9400។ បន្ថែមពីនេះ OPPO ត្រូវបានគេដឹងថា ក៏បាននឹងកំពុងធ្វើការលើសង្វាក់ផលិតម៉ូដែលពីរបន្ថែមទៀត គឺ Find X8 Ultra និងស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Find N5។
បើយោងតាមរបាយការណ៍បានបញ្ជាក់ថា Find X8 Ultra និង Find N5 នឹងបង្ហាញវត្តមានផ្លូវការណ៍នាត្រីមាសដំបូងក្នុងឆ្នាំ 2025។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតផង Find X8 Ultra និង Find N5 នឹងបំពាក់កញ្ចប់កាមេរ៉ាក្រោយចំនួន 4 គ្រាប់ (Quad-Camera)។ ប៉ុន្តែ បើតាមប្រភពចំនួនបានបង្ហើបថា សម្រាប់ផលិតផលសម្រេចរបស់ Find N5 អាចនឹងមានការបំពាក់កាមេរ៉ាខាងក្រោយតែបីគ្រាប់ប៉ុណ្ណោះ។
ជាមួយគ្នានេះ ក៏មានព័ត៌មានលេចលឺថា Find N5 របស់ OPPO នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់ពិភពលោកដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Elite ហើយម៉ូដែល Find X8 Ultra ក៏នឹងប្រើបន្ទះឈីបថ្មីនេះដូចគ្នាផងដែរ។ តាមការបញ្ជាក់ពីលោក Ice Universe បានឲ្យដឹងថា OPPO Find X8, Find X8 Pro និង Find X8 Pro Satellite communication គឺជាស្មាតហ្វូនដំបូងគេដែលប្រើបន្ទះឈីប MediaTek Dimensity 9400 ដែលត្រូវចេញលក់នៅលើទីផ្កសារសកល។

Find X8 និង Find X8 Pro បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការពីការលក់នៅបណ្តាប្រភេទមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងទីផ្សារប៉ែកអឺរ៉ុបជាដើម។ ដូចនេះអាចបញ្ជាក់ច្បាស់ថា OPPO Find X8 និង Find X8 Pro នឹងត្រូវចេញលក់នៅទីផ្សារសកលក្នុងឆ្នាំ 2024។ យ៉ាងណាមិញសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍នៅមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕
