
OPPO Find N5 នឹងប្រកាសចេញផ្លូវការណ៍នៅខែកុម្ភៈខាងមុខនេះ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងក្លាយជាស្មាត ហ្វូនអេក្រង់ដែលល្អបំផុតសម្រាប់ឆ្នាំនេះ។ OPPO Find N5 ក៏នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុតជាងគេក្នុងលោក ហើយក៏ជាស្មាតហ្វូនអេក្រង់បត់ដំបូងគេដែលប្រើប្រាស់កំពូលឈីប Qualcomm Snapdragon 8 Elit ផងដែរ។ ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានថ្មីនេះ ក៏បានបញ្ជាក់ថា OPPO ក៏នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នៅក្នុងខែមីនា ឆ្នាំ 2025 ថែមទៀតផង។
ទាំង OPPO Find N5 និង Find X8 Ultra ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវលែនកាមេរ៉ា periscope telephoto camera ដែលគាំទ្រការថតរូបបែប macro ផងដែរ។ យោងទៅលើការបង្ហោះនៅលើគណនីឈ្មោះថា Smart Pikachu បាននិយាយថា OPPO Find N5 នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់រាបស្មើរដែលមានកម្រាស់ស្តើងខ្លាំង Ultra-thin flat display ទាំងអេក្រង់បត់ខាងក្នុង និងអេក្រង់ខាងក្រៅ។ ហើយទាំង OPPO Find N5 និង Find X8 Ultra ដែលមកដល់នៅពេលខាងមុខនេះ នឹងបំពាក់នូវសែនស័រកាមេរ៉ា telephoto macro ផងដែរ។

OPPO Find N5 នឹងបំពាក់នូវសែនស័រកាមេរ៉ាគោលទំហំ 50MP គាំទ្រមុខងារ OIS, សែនស័រ Ultra-wide ទំហំ 50MP និង periscope telephoto ទំហំ 50MP។ ចំនែកកាមេរ៉ារបស់ Find X8 Ultra វិញ គឺនឹងបំពាក់នូវសែនស័រកាមេរ៉ាទំហំ 50MP ចំនួន 4 គ្រាប់ ដែលក្នុងនោះមានកាមេរ៉ា Main+ultrawide+ 3x periscope telephoto+ 6x periscope telephoto។ សម្រាប់ម៉ូដែល Find X8 និង Find X8 Pro ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន គឺប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9400។ ចំនែកម៉ូដែល Find X8 Ultra ដែលត្រៀមបង្ហាញខ្លួននៅពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់ឈីប Qualcomm Snapdragon 8 Elit។

ជាមួយគ្នានេះ OPPO ក៏ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញម៉ូដែល Find X8 Mini ដែលប្រើបន្ទះឈីប Dimensity 9400 នៅក្នុងខែមីនា ខាងមុខនេះផងដែរ។ យោងទៅលើរបាយការណ៍មួយចំនួនទៀតបាននិយាយថា OPPO ក៏បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនម៉ូដែល Find X8S ដែលបំពាក់ឈីបជំនាន់ថ្មី Dimesity 9400+ ហើយម៉ូដែលថ្មីនេះ អាចនឹងប្រកាសចេញនៅត្រីមាសទីពីរឆ្នាំនេះ។ សម្រាប់ម៉ូដែល Find X8 Ultra និង Find X8S ត្រូវបានគេដឹងថា អាចនឹងចេញលក់ផ្តាច់មុខតែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ៕
