
ថ្មីៗនេះ OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X8 និង Find X8 Pro នៅលើទីផ្សារប្រទេសចិន ខណៈដែលមួយម៉ូដែលទៀតដែលមានឈ្មោះថា Find X8 Ultra បំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite នឹងមានវត្តមាននៅលើទីផ្សារនៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខ។ បន្ថែមពីស្មាតហ្វូន X8 Ultra នេះ ក្រុមហ៊ុននេះក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន OPPO Find N5 នៅក្នុងពេលជាមួយគ្នាផងដែរ។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់ពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី N5 នេះផងដែរ។ យោងតាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Find N5ថ្មីនេះ ក៏នឹងបន្តការឌីស្សាញរូបរាងប្រហែលគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន Find N3 អញ្ចឹងដែរ។ ស្មាតហ្វូននេះ នឹងមានម៉ូឌុលកាមេរ៉ាមូលធំនៅខាងក្រោយដដែល។ អ្នកទម្លាយរូបនេះបន្តថា Find N5 អាចនឹងមានការបំពាក់នូវអេក្រង់ធំជាងមុន ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីទំហំនោះទេ។ នៅមុននេះក៏មានការទម្លាយថា ស្មតហ្វូននេះ នឹងមានការបំពាក់នូវអេក្រង់ខាងក្នុងដែលមានកម្រិតដល់ទៅ 2K+ ផងដែរ។

OPPO Find N5 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលអាចជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោកដែលមានការប្រើប្រាស់ឈីបនេះផងដែរ។ ខណៈដែលម៉ូដែលមុនមានថ្មទំហំ 4,805mAh នោះ ស្មាតហ្វូន N5 ត្រូវបានគេទម្លាយថា អាចនឹងមានថ្មទំហំធំជាងមុន គឺដល់ទៅ 5,700mAh។ មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយពីបច្ចេកវិទ្យា សាកនៅឡើយទេ ខណៈដែលពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ wireless charging ហើយក្រុមហ៊ុននេះធ្លាប់ទម្លាយដែរថា N5 ក៏នឹងមានមុខងារ magnetic wireless charging ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បាន N5 នឹងមានការគាំទ្រនូវប្រព័ន្ធកាមេរ៉ារបស់ Hasselblad ដូចមុនដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ ដោយគ្រាប់ទីមួយមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-Megapixel periscope telephoto ហ៊្សូមបាន 3x optical។ ស្មាតហ្វូន Find N5 អាចនឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 9.xmm នៅពេលបត់ នេះបើតាមការទម្លាយពី DCS កាលពីពេលមុននេះ។
