
OPPO Find N7 Wide គូប្រជែងរបស់ iPhone អេក្រង់បត់ នឹងបំពាក់នូវកាមេរ៉ាផ្តេក ហើយនិងអេក្រង់ដែលគ្មានស្នាមផ្នត់
នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុនជាច្រើន បានឈានទៅកាន់កម្រិតជំហានថ្មីមួយទៀត ខណៈពេលដែលក្រុមហ៊ុនម៉ាកយីហោស្មាមតហ្វូនមួយចំនួន ក៏បានបញ្ចេញរួចមកហើយនូវស្មាតហ្វូនដែលមានអេក្រង់ Wide-Format ជាមួយ នឹងរូបរាងប្រណិតបំផុតក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy Z Fold 8 Wide នៅក្នុងខែកក្កដាខាងមុខនេះ ស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ក៏ត្រូវគេជឿជាក់ថា នឹងធ្វើការនៅលើផលិតផលជាច្រើនស្រដៀងគ្នាផងដែរ។
ក្រុមហ៊ុន OPPO ដែលគេស្គាល់ថា គឺជាគូរប្រជែងសំខាន់មួយដែរនោះ ក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនទាំងនេះផងដែរ ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេទម្លាយកាលពីដើមខែនេះ ខណៈពេលដែលការបែកធ្លាយថ្មីមួយក៏មានការទម្លាយអំពីផែនការនាពេលខាងមុខរបស់ក្រុមហ៊ុននេះផងដែរ។ អ្នកទម្លាយ Smart Pikachu បានអះអាងថា ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO នេះ អាចនឹងមានឈ្មោះហៅថា Find N7 Wide ហើយអាចនឹងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលមានគោលដៅក្នុងការកាត់បន្ថយទៅលើស្នាមផ្នត់នៃអេក្រង់ផងដែរ។ អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញកាមេរ៉ាជាមួយនឹងកាមេរ៉ាផ្តេកផងដែរ។

ប្រភពដដែលនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មី OPPO Find X10 Ultra នេះត្រូវបានតេស្តជាមួយនឹងការឌីស្សាញ ultra-thin bezel ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំផុត។ បន្ថែមពីនេះ ស្មាតហ្វូននេះមានកាមេរ៉ាមូលនៅខាងក្រោយ ដែលធ្វើអោយស្មាតហ្វូននេះមានការឌីស្សាញរូបរាងយ៉ាងប្រណិតបំផុត។ គួរបញ្ជាក់ថា កាលពីដើមខែនេះ អ្នកទម្លាយ Digital Chat Station បញ្ជាក់ថា ក្រុមហ៊ុន OPPO កំពុងតែតេស្តជាមួយនឹងស្មាតហ្វូនបត់បាន book-style wide foldable ដែលនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2027 ខាងមុខនេះហើយ។

តាមការទម្លាយខាងលើនេះ បង្ហាញថា គំរូរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការឌីស្សាញអេក្រង់បត់បានខាងក្នុងជាមួយនឹងអេក្រង់ទំហំ 7.6 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីង។ ក្រុមហ៊ុន Samsung Display និង BOE ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ ការបែកធ្លាយដដែលនេះ បន្តអះអាងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងដំណើរការ 2nm។ ក្រុមហ៊ុន OPPO ក៏ធ្វើការអភិវឌ្ឍទៅលើ Hinge ថ្មីដែលឌីស្សាញសម្រាប់កាត់បន្ថយទៅលើស្នាមផ្នត់នៃអេក្រង់អោយតិចបំផុត៕
