ស្វែងរកពួកយើង:

OPPO Find X7 Series ក្លាយជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលនឹងគាំទ្របច្ចេកវិទ្យាសេវា 5.5G/5GA ពីក្រុម China Mobile

ដោយ

Koun Jab Luffy

29 មីនា 2024 03:21 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន China Mobile ទើបតែបានប្រកាសចេញនូវបច្ចេកវិទ្យាសេវាកម្រិតខ្ពស់ជំនាន់ថ្មី 5.5G ឬ 5GA។ ហើយកំពូលស្មាតហ្វូនដំបូងគេដែលនឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយនេះ ក៏នឹងបង្ហាញវត្តមានលឿនជាងការរំពឹងទុក។ បើតាមការបញ្ជាក់ពីលោក Peter Lau ដែលជា Chief Product Office របស់ក្រុមហ៊ុន OPPO បានធ្វើការបង្ហោះនូវរូបភាព Poster មួយ ដែលបានបង្ហាញពីកំពូលស្មាតហ្វូន OPPO Find X7 Ultra ជាមួយការគាំទ្រនៅប្រព័ន្ធសេវាជំនាន់ថ្មីនេះ “5GA” នៅត្រង់ទីតាំងនៃកាំសេវារបស់ស្មាតហ្វូន។
នៅលើរូបភាព Poster ដែលបានបង្ហោះនៅលើគណនី Weibo ក៏បានបង្ហាញថា ស្មាតហ្វូន OPPO Find X7 ក៏មានលទ្ធភាពក្នុងការគាំទ្រនូវប្រព័ន្ធសេវា 5.5G ឬ 5GA ផងដែរ ទោះបីជាស្មាតហ្វូន Find X7 ទាំងពីរស៊េរីនេះប្រើប្រាស់បន្ទះឈីបស៊េរីផ្សេងគ្នាក៏ដោយ។ Find X7 Ultra ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen 3 រី Find X7 ប្រើបន្ទះឈីប MediaTek Dimensity 9300។ ហើយFind X7 ទាំងពីរនាក់បងប្អូន គឺជាកំពូលស្មាតហ្វូនដំបូងគេដែលគាំទ្រប្រព័ន្ធសេវា 5.5G ឬ 5GA។ ទោះជាយ៉ាងណាក៏មានការព្យាករណ៍ទុកថា នឹងមានស្មាតហ្វូនចំនួនលើសពី 20 ម៉ូដែលផ្សេងទៀត ដែលនឹងគាំទ្របច្ចេ្កកវិទ្យាសេវា 5G-Advanced ថ្មីនេះ នៅក្នុងឆ្នាំ 2024 នេះ។
Article image
ក្រុមហ៊ុន China Mobile មានគម្រោងក្នុងការដាក់ពង្រាយប្រព័ន្ធសេវា 5G-Advanced (5.5G/ 5GA) របស់់ខ្លួនឲ្យក្របដណ្តប់នៅទូទាំងទីក្រុងជាង 300 ក្នុងប្រទេសចិន នៅមុនដំណាច់ឆ្នាំនេះ។ ជំហានដំបូង ក្រុមហ៊ុននឹងដាក់ពង្រាយប្រព័ន្ធសេវាថ្មីរបស់ខ្លួនក្នុងទីក្រុងចំនួន 100 ដែលក្នុងនោះរួមមានតំបន់ metropolitan របស់ទីក្រុងប៉េកាំង, ទីក្រុងសៀងហៃ និងហ្គាន់ស៊ួជាដើម។
បើតាមការអះអាងពី China Mobile បានឲ្យដឹងថា ប្រព័ន្ធាសេវា 5G-Advanced ជំនាន់ថ្មីនេះ គឺមានសមត្ថភាពដំណើរការលឿនជាងមុនដល់ទៅ 300% ដោយក្នុងនោះសម្រាប់ល្បឿនក្នុងការទាញទិន្នន័យពីប្រព័ន្ធបណ្តាញអាចធ្វើបានដល់ទំហំ 10Gbps (Download) និងល្បឿនក្នុងក្នុងការបញ្ចូនទិន្នន័យទៅក្នុងប្រព័ន្ធអាចធ្វើបានដល់ 1Gbps (Upload)។
Article image
បច្ចុប្បន្ន China Mobile បានធ្វើការរៀបចំដំឡើងប្រព័ន្ធសេវាជំនាន់ថ្មីនេះរួចរាល់ហើយនៅទូទាំងប្រទេសចិន ដូចនេះម្ចាស់ OPPO Find X7 Series គឺអាចធ្វើតេស្តសាកល្បងជាមួយប្រព័ន្ធថ្មីនេះបាន។ យ៉ាងណាមិញដើម្បីឲ្យស្មាតហ្វូនជំនាន់ថ្មីអាចធ្វើការគាំទ្រប្រព័ន្ធសេវាថ្មីនេះបានពេញលេញ OPPO កំពុងធ្វើការរៀបចំធ្វើបច្ចុប្បន្នភាព Software ថ្មី ដើម្បីទទួលបានការគាំទ្រជាមួយនឹង 5.5G របស់ក្រុមហ៊ុន China Mobile បាន។ សូមបញ្ជាក់ថា OPPO Find X7 Ultra គឺជាស្មាតហ្វូនដំបូងរបស់ OPPO ដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្ជាប់ទៅកាន់បណ្តាញផ្កាយរណបកម្រិត Two-ways Satellite Connectivity៕
OPPO Find X7 Series ក្លាយជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលនឹងគាំទ្របច្ចេកវិទ្យាសេវា 5.5G/5GA ពីក្រុម China Mobile