
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OPPO Find X8 series នៅលើទីផ្សារសកលហើយ ដែលស្មាតហ្វូនថ្មីនេះ គឺមាន 2 ម៉ូដែល រួមមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះបាននិយាយថា ក្រុមហ៊ុននេះ នឹងមានការបង្ហាញចេញនូវម៉ូដែលថ្មី Find X8 Mini ថែមទៀតហើយ។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ម៉ូដែលថ្មីនេះ គឺមានគោលបំណងផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូនថ្នាក់ប្រណិតដែលមានអេក្រង់តូច។
យោងតាមការទម្លាយពី Digital Chat Station ថ្មីៗនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន Find X8 Mini នឹងមានអេក្រង់ទំហំ 6.31-អ៊ីង ប្រភេទ LTPO OLED display គាំទ្រដោយការបង្ហាញចេញបានកម្រិត 1.5K resolution។ អេក្រង់នេះ គឺមានទំហំដូចគ្នាជាមួយនិង Vivo X200 Mini ដែលមានការលក់ដាច់មុខនៅលើទីផ្សារប្រទេសចិននាពេលកន្លងមក។ Find X8 Mini ត្រូវបានគេទម្លាយថា ក៏នឹងមានការផ្តោតខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាផងដែរ។
បើមើលទៅលើម៉ូដែលស្តង់ដារ Find X8 គឺមានកាមេរ៉ាទំហំ 50MP Sony LYT-700 sensor ដូច្នេះសម្រាប់ម៉ូដែល Mini ត្រូវបានគេព្យាករណ៌ថា នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាគោល Sensor IMX9 series ដែលមានសមត្ថភាពចាប់រូបភាពបានគុណភាពខ្ពស់បំផុត។ នៅលើស្មាតហ្វូននេះក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ា 50MP periscope zoom ដូចម៉ូដែលបងៗអញ្ចឹងដែរ។

Find X8 Mini ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវស៊ុមជុំវិញពីអាលុយមីនីញ៉ូម និងមានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ មានធន់ជាងមុន និងមានលក្ខណៈប្រណិតជាងមុន។ មុននេះមានដំណឹងថា Find X8 Mini នឹងសម្ពោធជាផ្លូវការណ៌ ជាមួយនិងស្មាតហ្វូន Find X8 Ultra នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ នៅលើបញ្ជី UFSC charging database បញ្ជាក់ថា Find X8 Mini នឹងមានថ្មទំហំ 5,600mAh។
