
ថ្មីៗនេះ អ្នកទម្លាយ “Smart Pikachu” ទើបតែបញ្ជាក់នៅលើបណ្តាញ Weibo ជាមួយនិងការបង្ហាញអំពីស្មាតហ្វូន Find X8 Serries, ស្មាតហ្វូនបត់បាន Book-Style Foldable, ស្មាតហ្វូន realme GT6 Pro និងស្មាតហ្វូន OnePlus 13 គឺនឹងមានការបំពាក់នូវថាមពលថ្មទំហំ 6000mAh។ ការតម្លើងថាមពលនេះ គឺដោយសារតែស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Flagship ជំនាន់ថ្មីដែលផ្តោតទៅលើសមត្ថភាពខ្លាំងក្លា។
សូមជំរាបថា របាយការណ៍មុននេះ ក៏ធ្លាប់មានការបញ្ជាក់អំពីបន្ទះឈីប ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតទាំងនេះផងដែរ។ សម្រាប់ការប្រើប្រាស់នូវថាមពលថ្មធំនេះ ក៏នឹងបង្កើនទៅលើទម្ងន់នៃស្មាតហ្វូននេះផងដែរ។ សម្រាប់ការបង្ហាញវត្តមានស្មាតហ្វូន Find X7 និង Find X7 Ultra កន្លងមក គឺមានថាមពលថ្មទំហំ 5000mAh, ស្មាតហ្វូន realme GT5 Pro និងស្មាតហ្វូន OnePlus 12 គឺមានថាមពលថ្មទំហំ 5400mAh។ ជាមួយនិងការពង្រីករថាមពលថ្មទំហំនេះ បានធ្វើអោយស្មាតហ្វូនថ្មីនេះ អាចនឹងមានទម្ងន់ 202g និង 224g។

តាមការបញ្ជាក់នៅក្នុងការបែកធ្លាយថ្មីនេះ បានអោយដឹងថា ស្មាតហ្វូន Find X8 Series នេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះហើយ។ ស្មាតហ្វូន Find X8 series អាចនឹងមានការបំពាក់នូវនបន្ទះឈីប Dimensity និង Snapdragon។ សូមជំរាបថា កាលពីពេលមុននេះ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Qualcomm ធ្លាប់បានទម្លាយថា ក្រុមហ៊ុនដ៏ធំមួយនេះ នឹងរៀបចំនូវព្រឹត្តិការណ៍ Snapdragon Summit នៅក្នុងខែតុលានេះ ហើយព្រឹត្តិការណ៌នេះ ក៏នឹងមានប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ ក្រុមហ៊ុន OPPO ក៏មានគម្រោងក្នុងការបង្ហាញចេញនូវស្មាតហ្វូន Find Series flagship បន្ទាប់ពីព្រឹត្តិការណ៍ Snapdragon Summit ដែលនឹងមានបន្ទះឈីបថ្មីនេះ។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ជាច្រើននៅមុននេះ ធ្លាប់បានអះអាងថា បន្ទះឈីប Snapdragon 8 Gen 4 ថ្មីនេះគឺតម្រូវអោយមានការតម្លើងថាមពលថ្មធំជាងមុន ដើម្បីអាចប្រើប្រាស់បានជាមួយនឹងបន្ទះឈីបនេះ។ សម្រាប់ Cores នៅលើបន្ទះឈីប Snapdragon 8 Gen 4 នេះ គឺមានល្បឿនដល់ទៅ 4.2GHz ហើយនិងមានការគាំទ្រដោយក្រាហ្វិកកាត Adreno 830 GPU ដែលអាចប្រកួតប្រជែងបានជាមួយនឹងបន្ទះឈីប Apple M2 ថែមទៀតផង។ សម្រាប់បន្ទះឈីប Dimensity 9400 វិញ គឺមាន 1x Cortex-X5 Prime CPU core, 3x Cortex-X4 Prime CPU cores និង 4x Cortex-A720 performance CPU cores ៕
