
ក្រុមហ៊ុន OPPO ទើបតែបានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X8 និង Find X8 Pro នៅទីផ្សារប្រទេស ចិន ហើយនិងត្រៀមធ្វើការប្រកាសចេញលក់នៅលើទីផ្សារសកលនៅចុងខែវិច្ឆិកា ខាងមុខនេះ។ OPPO Find X8 និង Find X8 Pro បានបំពាក់នូវកំពូលឈីបជំនាន់ថ្មី MediaTek Dimensity 9400។ ដោយឡែកសម្រាប់ម៉ូដែលកំពូល Find X8 Ultra ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងខែមករា ឆ្នាំ 2025។
ហើយនៅមុនថ្ងៃនៃការបង្ហាញវត្តមានមក គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនឈ្មោះថា Digital Chat Station បានធ្វើការទម្លាយគុណសម្បត្តិលម្អិតរបស់ Find X8 Ultra ទាក់ទងនឹងបច្ចេកវិទ្យាអេក្រង់ និងប្រព័ន្ធកាមេរ៉ា។ បើតាមការបង្ហោះនៅលើគណនី DCS បានបង្ហាញថា OPPO Find X8 Ultra គឺនឹងប្រើបន្ទះឈីបដែលមានលេខកូដ SM8750 ដែលជាកូដនៃឈីប Qualcomm Snapdragon 8 Elite។ កំពូលស្មាតហ្វូនដែលជាបងធំក្នុងគ្រួសារ Find X8 មួយនេះ ក៏នឹងដំឡើងមកជាមួយកញ្ចប់លែនកាមេរ៉ាក្រុមហ៊ុន Hasselblad ផងដែរ ។

គណនីដដែលខាងលើនេះ ក៏បានបញ្ជាក់ទៀតថា Find X8 Ultra នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ BOE X2 LTPO-OLED កម្រិតបង្ហាញ 2K+ ល្បឿន120Hz ទំហំ 6.82-inch ជាប្រភេទអេក្រង់កោងគែមទាំងបួន។ បច្ចេកវិទ្យាអេក្រង់នេះ ក៏ត្រូវបានប្រើនៅលើកំពូលស្មាតហ្វូន OnePlus 13 ដែលទើបនឹងបង្ហាញវត្តមានកាលពីពេលថ្មីៗនេះ។
DCS បន្ថែមទៀតថា OPPO Find X8 Ultra ក៏នឹងដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាដែលមានសែនស័រគោលខ្នាត 1-inch រួមជាមួយសែនស័រ Periscope telephoto ជាមួយលែនប្រភេទ minor focal length variations។ តាមប្រភពបញ្ជាក់ថា លែន Periscope telephoto នៅលើ Find X8 Ultra នឹងមានសមត្ថភាពក្នុងការពង្រីកប្លង់ថតបានកម្រិត 3x និង 6x។

ជាងនេះទៅទៀត កំពូលស្មាតហ្វូន Find X8 Ultra ក៏នឹងគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ជាប្រភេទ Ultrasonic រួមនឹងប្រព័ន្ធការពារទឹក និងធូលីដីកម្រិត IP68/IP69 ថែមទៀតផង។ OPPO Find X8 Ultra នឹងក្លាយជាគូប្រគូតប្រជែងទីផ្សារជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មីដែលនឹងមកដល់នៅត្រីមាសទីមួយក្នុងឆ្នាំ 2025 ដូចជា Samsung Galaxy S25 Ultra, Honor Magic 7 Ultimate, Xiaomi 15 Ultra និង vivo X200 Ultra។ OPPO ត្រូវបានគេដឹងថា អាចនឹងធ្វើការប្រកាសចេញម៉ូដែល Find X8 mini នៅថ្ងៃតែមួយជាមួយនឹង Find X8 Ultra ផងដែរ៕
