
ក្រោយពីការប្រកាសចេញលក់នូវ OPPO Find X8 Series រួចមក ក្រុមហ៊ុន OPPO បានត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Find-Series Flagship ជាច្រើនម៉ូដែលថែមទៀតហើយ នៅក្នុងឆមាសទី 1 នៅឆ្នាំ 2025 ខាងមុខនេះ។ បើតាមការបែកធ្លាយថ្មីៗនេះ ក៏បានទម្លាយអំពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 Foldable, Find X8 Ultra និង Find X8 Mini (Find X8 Next) ជាដើម។ នៅក្នុងការបែកធ្លាយថ្មីចេញពីអ្នកទម្លាយ Digital Chat Station ថ្មីៗនេះ ក៏បានទម្លាយអំពីវត្តមានរបស់ស្មាតហ្វូន Find X8s ផងដែរ។
នៅក្នុងការបែកធ្លាយរបស់ Digital Chat Station ថ្មីនេះ ក៏បានចែករំលែកអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូន OPPO Find X8 Ultra ផងដែរ។ អ្នកទម្លាយរូបនេះបានបញ្ជាក់ថា ស្មាតហ្វូន Find X8 Mini និង Ultra នឹងបង្ហាញខ្លួនជាមួយគ្នា។ នៅក្នុងការបែកធ្លាយចេញពីប្រភពដដែលនេះ បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra និងស្មាតហ្វូនបត់បាន Find N5 foldable នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែកុម្ភៈខាងមុខនេះហើយ។

សម្រាប់ស្មាតហ្វូន Find X8 Ultra និង X8 Mini អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2025។ បន្ថែមពីនេះ អ្នកទម្លាយនេះ ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននេះ ក៏មានគម្រោងនៅក្នុងការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន Find X8s ផងដែរ។ ពេលនេះ នៅមិនទាន់ច្បាស់អំពីពេលវេលានៅក្នុងការប្រកាសស្មាតហ្វូននេះទេ។ ប៉ុន្តែម៉ូដែលនឹងមានការអាប់ដេតច្រើនបើធៀបជាមួយនឹងស្មាតហ្វូន Find X8 នោះ។
បើមើលទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Find X8 Ultra វិញ អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមិនមានការផ្លាស់ប្តូរច្រើននោះទេ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុន Find X8 Pro។ ស្មាតហ្វូន X8 Ultra នេះនឹងមានអេក្រង់ទំហំ 6.82-អ៊ីង BOE X2 កម្រិតភាពច្បាស់ 2K resolution display និងមានការការឌីស្សាញអេក្រង់គែមកោងថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះ នឹងមានអេក្រង់ដូចទៅនឹងស្មាតហ្វូន OnePlus 13 ផងដែរ។

ស្មាតហ្វូនថ្មីនេះ នឹងមានគែមធ្វើពីលោហធាតុ និងកាមេរ៉ាធំមួយនៅខាងក្រោយផងដែរ។ ការឌីស្សាញកាមេរ៉ានេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO Find X8 Pro ផងដែរ។ បើមើលទៅលើស្មាតហ្វូន OPPO Find X7 Ultra មានកម្រាស់ 9.5mm និងទម្ងន់ 221g។ ស្មាតហ្វូន OPPO Find X8 Ultra នេះនឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងម៉ូឌែលមុនរបស់វាថែមទៀត៕
