
ទីបំផុត OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Find X8 និង Find X8 Pro នៅលើទីផ្សារប្រទេសចិនហើយអ។ ស្មាតហ្វូនថ្មីៗទាំងនេះ ត្រូវបានគេមើលឃើញថា មានការអាប់ដែតខ្លាំងទៅលើអេក្រង់ រួមជាមួយនិងកម្លាំងម៉ាស៊ីន ហើយនិងប្រព័ន្ធកាមេរ៉ាខ្លាំងជាងមុន ដោយបានធ្វើអោយម៉ូដែលប្រណិតក្លាយជាស្មាតហ្វូនដែលមានអនុភាពបំផុត។ ស្មាតហ្វូនទាំងនេះ ក៏ត្រូវបានក្រុមហ៊ុនប្រកាសថា នឹងមានការសម្ពោធនៅលើទីផ្សារសកលផងដែរ។
OPPO Find X8 មានអេក្រង់ទំហំ 6.59-អ៊ីង កម្រិត 1.5K បង្ហាញចេញបានទំហំ 2760×1256pixels ហើយនិងមាន Adaptive 1Hz-120Hz។ បន្ទះអេក្រង់នេះគឺជាប្រភេទកញ្ចក់ LTPO OLED រាបស្មើរ មានការផ្គត់ផ្កង់ដោយក្រុមហ៊ុន Tianma និងមានគែមអេក្រង់តូចកម្រិត ultra-narrow 1.45mm bezels ហើយនិងមានកាបំពាក់នូវកម្រិតពន្លឺ peak brightness 4,500 nits។

ក្រឡេកមកម៉ូដែល Find X8 Pro វិញ គឺមានអេក្រង់ទំហំធំដល់ទៅ 6.78-អីង បង្ហាញចេញបានទំហំ2780×1264 pixels និមានកម្រិត 1.5K គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO OLED ដែលមានគែម micro-quad curved screen ហើយនិងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ បន្ទះអេក្រង់នេះ ក៏មានការតម្លើងនូវ Adaptive refresh rates ដែលអាចរត់បានចាប់ពី 1Hz ដល់ 120Hz ហើយនិងមានកម្រិត brightness ដូចម៉ូដែលស្តង់ដារអញ្ចឹង។ ស្មាតហ្វូនទាំងពីរនេះ ក៏មានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា Dolby Vision និងស្រទាប់ការពារ OPPO Crystal Shield protection ដែលការពារអេក្រង់ស្មាតហ្វូនបានកាន់តែរឹងមាំថែមទៀតផង។

OPPO Find X8 និង X8 Pro ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC កម្រិត 3nm និងមានរ៉េមទំហំ 16GB ដែលជាប្រភេទ LPDDR5X RAM ហើយនិងមានអង្គចងចាំ UFS 4.0 storage ច្រើនទំហំ ដែលធានាថា នឹងជួយអោយលោកអ្នកកាន់តែមានភាពងាយស្រួលនៅក្នុងការទុកដាក់រូបភាព និងវីដេអូ ក៏ដូចជាឯកសារផ្សេងៗ។ បន្ថែមពីនេះនៅលើស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានការបំពាក់នូវបន្ទះត្រជាក់ ultra-large-area VC cooling សម្រាប់សម្រួលដល់ដំណើរការ និងមានពិន្ទុខ្ពស់ដល់ទៅជា 3.1 លាន នៅលើបញ្ជីរបស់ AnTuTu ថែមទៀតផង។
OPPO Find X8 និង X8 Pro រត់នៅប្រព័ន្ធប្រតិបតិ្តការ Android 15 ផ្អែកលើ ColorOS 15។ នៅលើ ColorOS ថ្មីនេះ ក៏មានការភ្ជាប់ជាមួយនូវមុខងារ AI features ហើយនិងមានការឌីស្សាញកាន់តែមានភាពសំបួរបែបផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។

Find X8 មានកាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 50MP ដែលកាមេរ៉ាគោលគាំទ្រដោយសិនស័រ Sony LYT-700 និងគ្រាប់ទីពីរទំហំ 50MP ultra-wide camera ខណៈដែលទី 3 មានទំហំ 50MP 3x periscope telephoto។ ចំពោះ Find X8 Pro គឺមានកាមេរ៉ា 4 គ្រាប់ ដោយមានថែមនូវកាមេរ៉ាទំហំ 50MP 6x periscope lens មួយទៀត។ សម្រាប់កាមេរ៉ាគោលនៅលើម៉ូដែល Pro គឺមានការបំពាក់នូវសិនស័រធំ 1/1.4” Sony LYT-808 sensor ដែលផ្តល់នូវសមត្ថភាពខ្ពស់ជាងមុនទៅលើការថតក្នុងកម្រិត low-light។ ស្មាតហ្វូនទាំងពីនេះ គឺមានការបំពាក់នូវមុខងារហ៊្សូមបាន 120x digital zoom ហើយនិងមានមុខងារ HyperTone image engine សម្រាប់ជំនួយដល់ភាពច្បាស់ រួមជាមួយនិងមុខងារ Hasselblad Portrait Mode ទៀតផង។ ជាមួយគ្នានេះស្មាតហ្វូនទាំងពីរនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនដូចជា AI Erase, AI Anti-Reflection, AI De-Blur និង AI Super Resolution ផងដែរ។

Find X8 មានថ្មទំហំ 5,630mAh ខណៈដែលម៉ូដែល Find X8 Pro មានថ្មទំហំ 5,910mAh។ ស្មាតហ្វូនទាំងពីរនេះគាំទ្រនូវកម្លាំងសាក 80W SuperVOOC fast charging និង 50W wireless charging ហើយក៏មានមុខងារ10W reverse wireless charging ដែលជួយអ្នកប្រើប្រាស់អាចធ្វើការសាកបានលឿន កាន់ថ្មបានយូរ ហើយនិងអាចផ្ទេរថាមពលថ្មទៅកាន់ឧបករណ៌ផ្សេងបានទៀតផង។

នៅលើ Find X8 series ក៏មានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 និង IP69 ratings ថែមទៀតផង។ បន្ថែមពីនេះក៏មានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់, Dual SIM, stereo speakers និងមាន Wi-Fi 7, Bluetooth 5.4 ហើយនិង Dual-antenna NFC ផងដែរ។ ស្មាតហ្វូន Find X8 Pro ក៏នូវមានការបំពាក់នូវ Quick Button ហើយនិងប៊ូតុង Alert slider ដែលផ្តល់នូវការប្រើប្រាស់មុខងារខ្លីៗបានកាន់តែលឿនជាងមុន។

Find X8 មានជម្រើសពណ៌ Starfield Black, Floating Light White, Chasing Wind Blue និង Bubble Pink, ហើយនិងមានតម្លៃចាប់ពី 4,199 យ៉ន់ ($589) ទៅលើទំហំ 12GB/256GB និងតម្លៃ 4,999 យ៉ន់ ($702) សម្រាប់ទំហំ 16GB/512GB។ ចំពោះ Find X8 Pro គឺមានការបង្ហាញវត្តមានជាមួយជម្រើសពណ៌ Hoshino Black, Cloud White និង Sky Blue ហើយនិងមានតម្លៃ 5,299 យ៉ន់ ($744) ទៅលើទំហំ 12GB/256GB និងទំហំ 16GB/1TB Satellite Edition មានតម្លៃ 6,999 យ៉ន់ ($983)។

ស្មាតហ្វូននេះនឹងមានការដឹកជញ្ជូនសម្រាប់ទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី 30 ខែតុលាខាងមុខនេះ ខណៈដែលទីផ្សារសកល នៅមិនទាន់មានការបញ្ជាក់ពេលវេលាច្បាស់នៅឡើយទេ។
