ស្វែងរកពួកយើង:

OPPO Find X9 និង X9 Pro នឹងបង្ហាញខ្លួននៅខែកញ្ញា ខណៈដែល Find X9 Ultra នឹងមកដល់នៅត្រីមាសទី 2

ដោយ

Koun Jab Luffy

18 សីហា 2025 10:29 ព្រឹក

អាន 3 នាទី

Article image
នៅខែកញ្ញាខាងមុខនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូន លំដាប់ Flagship ជំនាន់ថ្មីជាច្រើនរបស់ខ្លួន ដែលបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយបំផុត។ ក្រុមហ៊ុន Xiaomi គ្រោងនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Series នៅក្នុងប្រទេសចិននាចុងខែកញ្ញានេះ ខណៈពេលដែលស្មាតហ្វូន vivo X300 នឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នាផងដែរ។
យោងតាមការទម្លាយចេញនាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន OPPO Find X9 Series អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលានេះដូចគ្នា។ សូមជំរាបថា ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Find X9 ដែលរួមមានទាំងស្មាតហ្វូនស៊េរីថ្មី Find X9 Ultra ក៏នឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះផងដែរ។ ស្របពេលជាមួយនិងការទម្លាយថ្មីនេះ លោក Zhou Yibao ដែលជាអ្នកគ្រប់គ្រងផលិតផលនៃស្មាតហ្វូន OPPO Find series ក៏បានបញ្ជាក់អំពីការប្រកាសនេះផងដែរ។
Article image
ពេលវេលានៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន OPPO Find X9, X9 Pro
បច្ចុប្បន្ននេះ លោក Yibao ដែលកំពុងតែស្ថិតនៅក្នុងដំណើរធុរកិច្ចទៅកាន់ប្រទេសប្រេស៊ីល បានទម្លាយថា គាត់កំពុងតែតេស្តទៅលើស្មាតហ្វូនថ្មីចំនួន 2។ ខណៈពេលដែលគាត់មិនទាន់បញ្ជាក់ឈ្មោះរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេនោះ ស្មាតហ្វូននេះ អាចជាស្មាតហ្វូន Find X9 series ដែលកំពុងតែតេស្តមុនការប្រកាសជាផ្លូវការផងដែរ។ នៅពេលដែលនិយាយអំពីកាលបរិច្ឆេទនៃការប្រកាសនោះ គាត់បានបញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងខែកញ្ញា ហើយគាត់នឹងត្រឡប់ទៅកាន់ប្រទេសចិនវិញនៅខែនេះ។
Article image
ទន្ទឹមនឹងនេះផងដែរ របាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន MediaTek នឹងបង្ហាញនូវបន្ទះឈីប Dimensity 9500 នៅថ្ងៃទី 22 ខែកញ្ញាខាងមុខ។ សម្រាប់ស្មាតហ្វូន Vivo X300 series វិញ ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះដូចគ្នា។ គួរបញ្ជាក់ថា បន្ទាប់ពីមានការទម្លាយថា Find X9 និង X9 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលានោះ ថ្មីៗនេះ មានព័ត៌មានថ្មីចេញពីក្រុមហ៊ុន OPPO ថា ម៉ូដែលថ្មីអាចនឹងចាប់ផ្តើមទម្លាយចាប់ពីពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
Article image
កាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra
លោក Yibao បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នឹងបង្ហាញខ្លួននៅត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ។ ខុសប្លែកពីស្មាតហ្វូនប្រភេទ Standard និង Pro នោះ ស្មាតហ្វូន Ultra នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2។ ក្រុមហ៊ុននេះអាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Find X9s និង Find X9s+ ជាមួយនឹងស្មាតហ្វូន Ultra ផងដែរ៕