
តាមការគ្រោងទុក OPPO នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Find X9 និង Find X9 Pro នៅលើទីផ្សារប្រទេសចិនស្អែកនេះ គឺនៅថ្ងៃទី 16 ខែតុលា ស្របពេលដែលរបាយការណ៌ថ្មីនៅថ្ងៃនេះ និយាយថា ស្មាតហ្វូននេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារសកលនាថ្ងៃ 28 តុលាខាងមុខនេះ។ នៅក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុននឹងបង្ហាញចេញសម្រាប់ទីផ្សារឥណ្ឌានៅខែវិច្ឆិកាផងដែរ។ ផ្អែកតាមការទម្លាយចេញពី SmartPrix បានអោយដឹងថា Find X9 Series នឹងអាចបង្ហាញខ្លួននៅឥណ្ឌាមុនកាលកំណត់។
យោងតាមការរបាយការណ៌របស់លោក Yogesh Brar ក៏បាននិយាយដូចគ្នាដែរថា ស្មាតហ្វូនជំនាន់ថ្មី Find X9 series នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 18 ខែវិច្ឆិកា ខណៈដែលមុននេះក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្បែកមុនកម្មវិធី ColorOS 16 នៅថ្ងៃទី 15 ខែតុលានេះ។ ប្រភពខាងលើនេះថែមទាំងនិយាយពីតម្លៃរបស់ Find X9 Series នេះថា ដូចគ្នាជាមួយនិងតម្លៃជំនាន់មុនផងដែរ។ ស្មាតហ្វូន Find X9 អាចនឹងមានតម្លៃ $735 ខណៈដែលម៉ូដែល Pro អាចនឹងមានតម្លៃ $1,130។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការទម្លាយនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Find X9 និង Find X9 Pro ដោយស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដូចគ្នា។ X9 នឹងមានអេក្រង់ទំហំ6.59 អ៊ីង កម្រិត 1.5K ល្បឿន 120Hz ជាកញ្ចក់រាបស្មើរប្រភេទ OLED screen និងមានថ្មទំហំ 7,025mAh។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ រួមមានកាមេរ៉ាគោល Sony LYT-808 50MP និងទីពីរ Samsung JN5 50MP ultra-wide lens ហើយនិងទីបី LYT-600 50MP periscope telephoto camera។

ចំពោះ Find X9 Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង កម្រិត 1.5K ល្បឿន 120Hz អេក្រង់រាបស្មើរ OLED panel មានថ្មទំហំ 7,500mAh និងកាមេរ៉ាមុខទំហំ 50MP។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានសិនស័រគោល LYT-828 50MP និងទីពីរ Samsung JN5 50MPultra-wide snapper ហើយនិងទី 3 គឺជាសិនស័រ Samsung HP5 200MP Periscope telephoto camera។ ស្មាតហ្វូនទាំងពីរនេះ គឺមានសិនស័រ ultrasonic និងរត់នៅលើ ColorOS 16 ផ្អែកជាមួយ Android 16 រួមនិង IP68/69 ការពារទឹក និងធូលីថែមទៀតផង។
