
យោងតាមសេចក្តីរាយការណ៍ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra គឺនឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីដែលមានទំហំដល់ទៅ 200MP សម្រាប់កាមេរ៉ាគោល។ តាមការបង្ហើបពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា សិនស័រថ្មីនេះនឹងពន្លឺខ្លាំងនៅក្នុងការប្រើប្រាស់។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sony ត្រូវបានគេរាយការណ៌ បាននឹងកំពុងតែធ្វើការអភិវឌ្ឍទៅលើសិនស័រថ្មីទំហំ 200MP ដែលមានកម្រិត 1/1.1 អ៊ីង។
សូមជំរាបផងដែរ ក្រុមហ៊ុន Samsung ក៏ធ្លាប់ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺនឹងមានការប្រើប្រាស់នូវសិនស័រថ្មីរបស់ ក្រុមហ៊ុន Sony ដែលកំពុងតែអភិវឌ្ឍនេះ នៅលើកាមេរ៉ាគោលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S26 Ultra ផងដែរ។ ដូច្នេះប្រសិនបើព័ត៌មាននេះពិតដូចការបង្ហើបរបស់អ្នកទម្លាយរូបនេះ វត្តមានកំពូលស្មាតហ្វូនដែលនឹងប្រកាសចេញនៅឆ្នាំក្រោយ ដែលមានដូចជា Galaxy S26 Ultra និង OPPO Find X9 Ultra គឺនឹងមានការប្រជែងគ្នាខ្លាំងជាក់ជាមិនខានទៅលើការប្រើប្រាស់សិនស័រកាមេរ៉ាគោលដូចគ្នានេះ។

ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គេនៅមិនទាន់ដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នឹងមានលក់នៅលើទីផ្សារសកលឬអត់នោះទេ ដោយសារតែកន្លងមកសម្រាប់ស្មាតហ្វូន Ultra គឺដាក់លក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ហើយបើមើលទៅលើក្រុមហ៊ុន Samsung វិញ គឺមិនសូវមានចំណែកទីផ្សារខ្លាំងនៅលើទីផ្សារប្រទេសចិនដួចគ្នា។ Find X9 Ultra ត្រូវបានគេទម្លាយថា នឹងមានការសម្ពោធជាផ្លូវការណ៌បន្ទាប់ពីបុណ្យចូលឆ្នាំចិន គឺនៅថ្ងៃទី 17 ខែកុម្ភៈ។ តាម DCS បានបន្ថែមថា ម៉ូដែលថ្មីនេះ មិនសូវជាខុសគ្នាពីម៉ូដែលមុនោះទេ។
