
បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារសកលកាលពីពេលថ្មីៗនេះ របស់ថេប្លេត Oppo Pad 3 Pro នៅពេលនេះ មានដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សស្មាតហ្វូនរបស់ចិននេះ ក៏បានត្រៀមខ្លួននៅក្នុងការប្រកាសបង្ហាញនូវថេប្លេតថ្មីដែលមានឈ្មោះហៅថា OPPO Pad 3 ថែមទៀតហើយ ។ ថេប្លេត OPPO Pad 3 ថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Reno 13 series នៅក្នុងប្រទេសចិននៅថ្ងៃទី 25 ខែវិច្ឆិកានេះហើយ។ ពេលលនេះ មុនការប្រកាសជាផ្លូវការនោះ ក្រុមហ៊ុននេះក៏បញ្ជាក់នូវលក្ខណៈសម្បត្តិជាច្រើនរបស់ថេប្លេតថ្មីនេះ។
នៅក្នុងការបង្ហោះជាផ្លូវការដោយក្រុមហ៊ុន OPPO នៅលើ Weibo បានទម្លាយថា ថេប្លេតថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8350 SoC និងដំណើរការនូវ ColorOS 15 ។ ថេប្លេតនេះ មានម៉េមូរីទំហំ 512GB ហើយវាក៏ផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ផងដែរ។ ខណៈពេលដែលថេប្លេត Oppo Pad 2 បំពាក់នូវបន្ទះឈីប Dimensity 9000 processor នោះ បន្ទះឈីប Dimensity 8350 នេះនឹងមានសមត្ថភាពខ្លាំងជាងបន្ទះឈីប 9000 ទាំងផ្នែក CPU និង GPU ថែមទៀតផង។
មុខងារមួយនៅក្នុងចំណោមមុខងារជាច្រើនដ៏អស្ចារ្យបំផុតរបស់ថេប្លេត Oppo Pad 3 នេះគឺទៅលើថាមពលថ្មរបស់វា។ ក្រុមហ៊ុន Oppo អះអាងថា ថេប្លេតនេះអាចប្រើប្រាស់បាន 70 ថ្ងៃ (standby) នៅក្នុងការសាកថ្មម្តង។ ថេប្លេត Oppo Pad 3 នេះគឺមានរូបរាងស្រដៀងគ្នាទៅនឹង Pad 3 Pro ផងដែរ ហើយជាពិសេសវាក៏មានពណ៌ស្វាយផងដែរ។

របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ថេប្លេត Pad 3 នេះអាចនឹងមានអេក្រង់ 11.6-inch LCD display ជាមួយនឹងកម្រិតភាពច្បាស់ 2.8K resolution និងមានល្បឿន refresh rate 144Hz ។ ថេប្លេតនេះប្រើប្រាស់នូវថាមពលថ្មទំហំ 9510mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 67W wired fast charging ។ ថេប្លេតនេះ នឹងមានទម្ងន់ 533g ហើយវាក៏មានកម្រាស់ 6.29mm។ ថេប្លេតនេះ មាន 4 ទំហំគឺ 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB។ ការប្រកាសជាផ្លូវការទៅលើថេប្លេតនេះ គឺនៅថ្ងៃទី 25 ខែវិច្ឆិកានេះហើយ៕
