
ក្រុមហ៊ុន OPPO បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Reno 12 series នៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី 23 ខែឧសភាឆ្នាំ 2024 ខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមិនត្រឹមតែបង្ហាញវត្តមាននៅក្នុងប្រទេសចិននោះទេ គឺអាចនឹងមានវត្តមាននៅលើទីផ្សារសកលជាមួយគ្នាថែមទៀតផង ពីព្រោះថា ថ្មីៗនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា ទទួលបាននូវការអនុម័តចេញពីប្រទេសជាច្រើនរួចមកហើយ ដែលក្នុងនោះរួមមានអារ៉ាប់រួម ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ីជាដើម។
យោងតាមការវិវត្តចុងក្រោយនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ គឺមានការចុះបញ្ជីនៅលើវិញ្ញាបនបត្រនៅក្នុងប្រទេសថៃថែមទៀតហើយ ដោយមានការបង្ហាញថា ស្មាតហ្វូន Reno 12 នេះគឹមានលេខកូដ CPH2625 ដែលបញ្ជាក់ថា ស្មាតហ្វូននេះគឺបានត្រៀមខ្លួនក្នុងការប្រកាសេចេញនៅលើទីផ្សារសកលផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ បានឆ្លងកាត់នូវវិញ្ញាបនបត្រស្តង់ដារជាច្រើននៅក្នុងប្រទេសសិង្ហបុរីដូចគ្នា ដោយនៅលើបញ្ជីនោះ បានបង្ហាញថា ស្មាតហ្វូននេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា network ជាច្រើនដូចជា WCDMA, LTE, 5G និងមុខងារជាច្រើនទៀត។

សូមជំរាបថា មកដល់ពេលនេះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Reno 12 គឹមិនទាន់ទម្លាយច្រើននោះទេ ប៉ុន្តែឆ្លងតាមការធ្វើតេស្តនៅលើបញ្ជីរបស់ Geekbench បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីបកម្រិត Octa-Core ដែលគេដឹងថា គឺជាបន្ទុះឈីប Dimensity 8300 SoC ជាមួយនឹងក្រាហ្វិកកាត Mali G615 MC2 GPU។ ប៉ុន្តែសម្រាប់ទីផ្សារសកល វិញ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Dimensity 8250 SoC សម្រាប់ប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED display នឹងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។

និយាយពីការថតរូបវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-Megapixel telephoto ជាមួយនឹង 2x optical zoom និងមានអមដោយកាមេរ៉ា 8-Megapixel ultra-wide lens។ បើមើលទៅលើផ្នែកខាងមុខស្មាតហ្វូននេះ មានកាមេរ៉ា 50-Megapixel។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹង80W fast charging។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតទាក់ទងស្មាតហ្វូននេះ អាចនឹងទម្លាយកាន់តែច្រើននៅថ្ងៃបន្ទាប់ពីការសម្ពោធថ្ងៃទី 23 ខែឧសភាខាងមុខនេះ៕
