
ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Reno 12 និង Reno 12 Pro នៅលើទីផ្សារសកលក្នុងខែនេះហើយ។ បើតាមរបាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Reno 12 នេះ គឺមានលេខម៉ូដែល CPH2625 ខណៈដែលម៉ូដែល Pro គឹមានលេខម៉ូដែល CPH2639។ កាលពីខែមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Reno 12 បានបង្ហាញខ្លួននៅលើ Geekbench រួចហើយ។ នៅពេលនេះម៉ូដែល Pro ក៏បន្តបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព benchmarking platform ថែមទៀតហើយ។
នៅលើបញ្ជី Geekbench នេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Reno 12 Pro នេះមានបន្ទះឈីប MediaTek ដែលមាន 4x CPU cores ដំណើរការល្បឿន 2GHz និង 4x CPU cores ដែលមានល្បឿន 2.5GHz។ បន្ថែមពីនេះ ប្រភពកូដនៅលើបញ្ជីនៃ Geekbench នេះ បានបង្ហាញថា ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយក្រាហ្វិកកាត Mali-G615 MC2 GPU ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានបន្ទះឈីប Dimensity 7300។ បន្ថែមពីនេះ នៅក្នុងបញ្ជីនេះ ក៏បង្ហាញថា ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និង Android 14។ ស្មាតហ្វូននេះ មានពិន្ទុចំនួន 1043 នៅក្នុងការតេស្ត Single-Core និង 2944 នៅក្នុងការតេស្ត Multi-Core។

គួររំលឹកផងដែរថា ស្មាតហ្វូន Reno 12 នេះ មានបំពាក់នូវ CPU និង GPU ដូចគ្នា។ នេះមានន័យថា នេះ គឺជាបន្ទះឈីប Dimensity 7300។ បើតាមការបញ្ជាក់នៅក្នុងបញ្ជី Geekbench នេះ របស់ Reno 12 បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 14 ។ នៅក្នុងការតេស្ត Single-Core និង Multi-Core នៅលើបញ្ជី Geekbench នេះ មានពិន្ទុ 1033 និង 2730។

សូមជំរាបថា កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូន Reno 12 series នៅក្នុងប្រទេសចិន។ ស្មាតហ្វូន Reno 12 នេះ មានបន្ទះឈីប Dimensity 8250 ខណៈពេលដែលម៉ូដែល Pro គឺមានបន្ទះឈីប Dimensity 9200+ SoC។ មានការរំពឹងថា ការប្រកាសជាសកលទៅលើស្មាតហ្វូន Reno 12 និង 12 Pro នេះ ក៏អាចនឹងមានកាមេរ៉ាដែលខុសប្លែកពីស្មាតហ្វូនម៉ូឌែលនៅក្នុងប្រទេសចិនផងដែរ៕
