
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Reno 14 Series ស៊េរីថ្មីនៅក្នុងប្រទេស ចិន នៅក្នុងពេលឆាប់ៗនេះ ស្របពេលដែលរបាយការណ៍ជាច្រើន ក៏បានទម្លាយនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូន Reno 14 និង Reno 14 Pro រួចហើយផងដែរ។ ខណៈពេលនេះ ការបែកធ្លាយថ្មីមួយ ក៏បានទម្លាយអំពីអេក្រង់ ថាមពលថ្ម និងការឌីស្សាញស្មាតហ្វូនថ្មីនេះផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតចេញពី Digital Chat Station ដែលបានចែករំលែកព័ត៌មានលម្អិតនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូន Reno 14 series នេះ នឹងមានថាមពលថ្មធំដល់ទៅ 6,000mAh។
ស្មាតហ្វូន Reno 14 នេះ អាចនឹងមានអេក្រង់ទំហំ 6.59-អ៊ីង LTPS OLED Display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K ខណៈពេលដែលម៉ូដែល Reno 14 Pro នឹងមានអេក្រង់ទំហំ 6.83-អ៊ីង LTPS OLED និងកម្រិតភាពច្បាស់ 1.5K resolution។ បើតាមការបញ្ជាក់ពី DCS បានអោយដឹងថា អេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺមានគែមមូលជាមួយនឹង Bezels ស្តើងក្នុងការប្រើប្រាស់។ ស្មាតហ្វូន Reno 14 Series នឹងមានការឌីស្សាញស្តើងជាងមុន មានទម្ងន់ស្រាលជាងមុនក្នុងការប្រើប្រាស់ ហើយនិងមានបំពាក់នូវបច្ចេកវិទ្យាការពារ IP69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។

នៅក្នុងការបែកធ្លាយមុននេះ Digital Chat Station ក៏បានចែករំលែកនូវការឌីស្សាញមួយចំនួន និងព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុន OPPO ក៏អាចនឹងបញ្ចេញនូវកាមេរ៉ា Periscope Telephoto នៅលើស្មាតហ្វូន Reno 14 Pro។ ស្មាតហ្វូន Reno 14 Pro អាចនឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 8350 SoC អេក្រង់ល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ា 3 គ្រាប់ទំហំ 50MP រួមជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 80W wired fast charging ហើយនិង 50W wireless fast charging ផងដែរ៕
