
ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា តែងតែធ្វើការបញ្ចេញនូវស្មាតហ្វូនថ្មីត្រកូល Reno Series របស់ខ្លួនចំនួន 2 លើកជារៀងរាល់ឆ្នាំ។ ជាក់ស្តែងឆ្នាំនេះ ស្មាតហ្វូន Reno 14 series បានបង្ហាញខ្លួននៅក្នុងខែឧសភាកន្លងទៅនេះ ហើយស្មាតហ្វូនស៊េរីថ្មី Reno 15 series ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅចុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះហើយ។ បើតាមការទម្លាយចេញពី Digital Chat Station នៅពេលនេះ គឺមានបង្ហើបពីគម្រោងថ្មីរបស់ក្រុមហ៊ុន OPPO ហើយ ដោយបាននិយាយថា ស្មាតហ្វូន Reno 15 នេះមាន 3 ម៉ូដែល។

សម្រាប់ឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ គឺនៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែផ្អែកទៅលើព័ត៌មានជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចមាន OPPO Reno 15, Reno 15 Pro និង Reno 15 Pro+។ ជាមួយនិងវត្តមានស្មាតហ្វូនថ្មីនេះ គឺមានទំហំអេក្រង់ខុសៗគ្នា ប៉ុន្តែសម្រាប់កម្រិតភាពច្បាស់របស់វាគឺ 1.5K resolution ដូចគ្នា។
ស្មាតហ្វូន Reno 15 អាចនឹងមានអេក្រង់ទំហំ 6.59-អ៊ីង LTPS panel ខណៈពេលដែលស្មាតហ្វូន Pro មានអេក្រង់ទំហំ 6.31 អ៊ីង គាំទ្រជាមួយនឹងបច្ចេកវិទ្យា LTPS ហើយស្មាតហ្វូន Pro+ មានអេក្រង់ទំហំ 6.78 អ៊ីង LTPO ដែលបង្កើនទៅលើល្បឿន refresh rate លឿនជាងមុន និងបង្កើនទៅប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូនថ្មីនេះ ទាំង 3 នេះមានអេក្រង់ 2.5D គែមធ្វើពីលោហធាតុផងដែរ។

បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះវិញ គឺមានការបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 15 Pro និង OPPO Reno 15 Pro+ នឹងមានកាមេរ៉ាគោលទំហំ 200MP ខណៈ នឹងមានកាមេរ៉ាមួយទៀតទំហំ 50MP Periscope Telephoto សម្រាប់ការ ថតរូបភាព និងវីដេអូ Zoom។ ចំបោះការប្រកាសចេញជាផ្លូវការណ៌ទៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា អាចធ្វើឡើងនៅចុងឆ្នាំ 2025 នេះហើយ៕
