
ក្រុមហ៊ុន OPPO ទើបតែប្រកាសនូវការបង្កើតមជ្ឈមណ្ឌល OPPO AI Center ក្នុងការពង្រឹងទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI និងការផ្តល់នូវបច្ចេកវិទ្យា AI សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនអោយកាន់តែទូលំទូលាយបន្ថែមទៀត។ ផ្អែកលើការលើកឡើងនេះ អ្នកប្រើប្រាស់ស្មាតហ្វូន OPPO នឹងទទួលបាននូវបទពិសោធន៍ចុងក្រោយបំផុតនៃបច្ចេកវិទ្យា AI នេះបានកាន់តែសំបូរបែប។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការប្រកាសថា ស្មាតហ្វូន Reno11 series ដែលបង្ហាញខ្លួនឆ្នាំនេះ ក៏នឹងទទួលបាននូវមុខងារ Generative AI នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះផងដែរ។
មកដល់ពេលនេះ ក្រុមហ៊ុន OPPO នៅមិនទាន់បានចែករំលែកនូវមុខងារនៃបច្ចេកវិទ្យា Generative AI សម្រាប់ស្មាតហ្វូន Reno 11 នេះទេ ប៉ុន្តែស្មាតហ្វូន Reno 11 Series នេះ នឹងទទួលបាននូវមុខងារ AI Eraser។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា មុខងារ Generative AI សម្រាប់ស្មាតហ្វូន Reno11 នឹងដំណើរការជាលក្ខណៈសកល មិនមែនសម្រាប់ទីផ្សាររបស់ចិននោះទេ។ នៅក្នុងការប្រកាសមួយ លោក Pete Lau ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO បាននិយាយថា “សម្រាប់ស្មាតហ្វូន AI នឹងក្លាយជាដំណាក់កាលនៃការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងឧស្សាហកម្មស្មាតហ្វូន។

នៅក្នុងសករាជថ្មីនៃស្មាតហ្វូន AI នេះ ឧស្សាហកម្មស្មាតហ្វូន និងបទពិសោធន៍អ្នកប្រើប្រាស់នឹងឃើញមានការផ្លាស់ប្តូរបដិវត្តន៍ដ៏ខ្លាំងក្លា។ ក្រុមហ៊ុន OPPO ក៏ប្តេជ្ញាក្នុងការចូលទៅក្នុងទីផ្សារស្មាតហ្វូន AI នេះផងដែរ។” ស្មាតហ្វូន Reno11 series នេះមាន 3 ម៉ូដែល គឺ Reno11, Reno11 Pro និង Reno11 F។ គេនៅមិនទាន់ច្បាស់នោះទេក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតហ្វូន Reno 12 series នៅពេលណាខាងមុខនេះទេ៕
