
នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានចេញមកប្រកាសជាផ្លូវការណ៌ពីការសម្ពោធស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X8 series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅប្រទេសចិននាថ្ងៃ 24 ខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek ម៉ូដែល Dimensity 9400 SoC ដែលដំណើរការដោយបច្ចេកវិទ្យាកម្រិត 3nm របស់ TSMC ថែមទៀតផង។
OPPO Find X8 Series នឹងបង្ហាញវត្តមានជាមួយនិងជម្រើសម៉ូដែល OPPO Find X8, Find X8 Pro និង Find X8 Pro Satellite Communication Version ហើយក៏នឹងមានម៉ូដែល Find X8 Ultra ផងដែរ ដោយស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ហើយបង្ហាញវត្តមាននៅខែមករាឆ្នាំ 2025។ បើមើលទៅលើរូបភាពដែលបានបែកធ្លាយមុននេះ គឺមានការបង្ហាញថា ស្មាតហ្វូន Find X8 series នឹងបន្តការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូលដដែល។
សម្រាប់ម៉ូដែល Pro ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់នុវសិនស័រ 4 គ្រាប់ ដោយមានឡែន Periscope Telephoto មានចំនួន 2 គ្រាប់។ ចំពោះម៉ូដែលស្តង់ដារវិញ គឺមានកាមេរ៉ា 3 គ្រាប់ ដោយមាន Periscope មួយគ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ក៏មានការបំពាក់នូវប៊ូតុង Camera ដូច iPhone 16-series អញ្ចឹងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងមុខរបស់ OPPO Find X8 series គឺនឹងមានអេក្រង់គែមគោង micro-quad-curved OLED Display។ នៅក្នុងនោះក៏មានការបញ្ជាក់ថា លើស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 50W magnetic wireless charging ហើយនិងរត់នៅលើ ColorOS 15 ផ្អែកលើ Android 15 ថែមទៀតផង។ ដូចគ្នាជាមួយនិង Reno 12 series អញ្ចឹង នៅលើ Find X8 models ក៏នឹងមានការបំពាក់នូវមុខងារខល BeaconLink ផងដែរ។

ចំពោះការបង្ហាញវត្តមានៅលើទីផ្សារសកលវិញ ស្មាតហ្វូនជំនាន់ថ្មី Find X8 series នេះ អាចនឹងមានការប្រកាសចេញតែម៉ូដែលប៉ុណ្ណោះ គឺ Find X8 និង X8 Pro ពីព្រោះថា ស្មាតហ្វូនទាំងពីរនេះ បានចុះបញ្ជីនៅតាមប្រទេសជាច្រើនរួចហើយ ក្នុងនោះមានដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី និងថៃជាដើម។
