
ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Oukitel ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនប្រណិតចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Oukitel WP21 Ultra។ ស្មាតហ្វូននេះ គឺជាម៉ូដែលមួយ ដែលមានទំហំធំជាង និងមានការតម្លើងនូវមុខងារប្រសើរជាងស្មាតហ្វូន Oukitel WP21 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។
សម្រាប់មុខងារពិសេសរបស់ស្មាតហ្វូន Oukitel WP21 Ultra នេះ គឺការប្រើប្រាស់នូវ thermal imaging។ ជាមួយនិងមុខងារនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូននេះជាកាមេរ៉ា Night Vision សម្រាប់ការសង្គ្រោះនៅក្នុងប្រតិបត្តិការ និងការវាស់ទៅលើកម្រិតស៊ីតុណ្ហភាព កម្មវិធីផ្នែកវេជ្ជសាស្រ្ត រួមនិងការត្រួតពិនិត្យអាគារ ហើយនិងការឃ្លាំមើលផ្នែកសុវត្ថិភាព ព្រមទាំង មុខងារសំខាន់ៗជាច្រើនទៀតបាន។

ស្មាតហ្វូន Oukitel WP21 Ultra នេះ មានបំពាក់នូវ Thermal imaging ដែលមានកម្រិតភាពច្បាស់ 256x192p និងល្បឿន 25Hz frame rate។ ដើម្បីធ្វើអោយមុខងារ thermal imaging នេះកាន់តែមានភាពទាក់ទាញនោះ ស្មាតហ្វូននេះក៏មានភ្ជាប់មកជាមួយនឹង color pallets ជាច្រើនផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 9800mAh ដែលអាចសាកថ្មពី 0-50% នៅក្នុងពេលត្រឹមតែ 25 នាទីជាមួយនឹងបច្ចេកវិទ្យា 66W super-fast charging និងreverse charging។

ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Helio G99 Octa-Core រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.78-អ៊ីង FHD+ ទ្រទ្រង់នូវកម្រិតភាពច្បាស់ 2460x1080p និងកម្រិតពន្លឺ 396 PPI អេក្រង់នេះ ទ្រទ្រង់នូវ ល្បឿនរត់បាន 120Hz refresh rate ផងដែរ។ ស្មាតហ្វូន WP21 Ultra នេះ មានកាមេរ៉ាខាងក្រោយ 64MP និងគ្រាប់ទីពីរមានទំហំ 20MP IR night vision lens ដែលអាចមើលចម្ងាយបាន 20 ម៉ែត្រយ៉ាងច្បាស់៕
