
Pura 70 និង Mate 60 series ត្រូវបានគេរាយការណ៌ថា បានជួយអោយក្រុមហ៊ុន Huawei ឡើងមកឈរនៅលើតារាង Top 3 នៃទីផ្សារស្មាតហ្វូនរបស់ប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅនេះ។ យោងតាមការបញ្ជាក់ពីស្ថាប័ន Counterpoint នៅថ្ងៃនេះ បានអោយដឹងថា ការនាំចេញស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 នេះ គឺមានការកើនឡើង 2.3% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយសម្រាប់ក្រុមហ៊ុនដែលឡើងឈរនៅលើ Top 3 មានដូចជា vivo, Huawei និង Xiaomi។
បើមើលក្នុងតារាងនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei បានឈរនៅលើលំដាប់លេខរៀងទី 2 សម្រាប់ទីផ្សារប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅនេះ ដោយក្នុងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Pura 70 និង Mate 60 series គឺជាស្មាតហ្វូនដែលបានជុំរុញអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះអាចត្រឡប់មកប្រជែងជាមួយនិងដៃគូនានាផងដែរ។ ស្ថាប័ន Counterpoint បានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុន Huawei ហាក់កំពុងតែមានភាពខ្លាំងឡើងវិញហើយ។ ក្រុមហ៊ុននេះទទួលបានកំណើនប្រចាំឆ្នាំ 30%។

សូមជំរាបថា នៅក្នុងរបាយការណ៌នេះ ក៏មានការបញ្ជាក់ដែរ ស្មាតហ្វូន Pura 70 និង Mate 60 series គឺជាម៉ូដែលថ្មី ដែលមានការជុំរុញការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានការកើនឡើងខ្ពស់មែនទែននៅពេលនេះ។ បើទោះបីជាស្មាតហ្វូន Mate 60 Pro បង្ហាញវត្តមានតាំងពីឆ្នាំមុនក៏ដោយ មកដល់ពេលនេះតម្រូវការស្មាតហ្វូននេះ គឺនៅតែបន្តកើនឡើងដដែល។

ចំពោះ Pura 70 series វិញ ក៏ជាស្មាតហ្វូនដែលមានការចាប់អារម្មណ៌ខ្លាំងដូចគ្នា ដោយសារតែម៉ូដែលថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី ហើយនឹងមានការពង្រឹកទៅលើប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំង ហើយថែទាំងមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI រួមនិងការបំពាក់នូវបន្ទះឈីប Kirin 9010 5G ហើយនិងប្រព័ន្ធផ្កាយរណបជាដើម។សម្រាប់ការនាំចេញ Pura 70 series នារយៈពេលជាង 6 ខែនេះ គឺមានចំនួន 6.5 លានគ្រឿងហើយ។
