
នៅពេលនេះ ក្រុមហ៊ុន Huawei កំពុងតែផ្តោតយ៉ាងខ្លាំងទៅលើការពង្រឹងសមត្ថភាពការថតរូបភាពលើកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra។ កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ធ្លាប់បានបំពាក់នូវបច្ចេកវិទ្យាពណ៌ RYYB ទៅលើសិនស័រកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន ហើយនៅពេលនេះ ស្មាតហ្វូន Pura 80 Ultra ក៏អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះផងដែរ។ យោងតាមអ្នកទម្លាយ Digital Chat Station នៅលើ Weibo គឺបានបង្ហាញនូវព័ត៌មានពាក់ព័ន្ធទៅនឹងស្មាតហ្វូន Pura 80 Ultra នេះហើយ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុនHuawei ត្រូវគេរាយការណ៍ថាតេស្តនៅលើកាមេរ៉ា 50MP គាំទ្រសិនស័រ 1-អ៊ីង ជាមួយនឹង Variable Aperture ហើយនិង Periscope Telephoto 1/1.31 អ៊ីង ដែលបំពាក់នូវបច្ចេកវិទ្យា RYYB Configuration។

នៅពេលនេះ អ្នកទម្លាយ Digital Chat Station បានអះអាងថា សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងបំពាក់នូវបច្ចេកវិទ្យានេះផងដែរ។ សម្រាប់ RGGB និង RYYB សំដៅទៅលើបច្ចេកវិទ្យា Color Filter Array Configurations ចាប់ពណ៌នៅលើកាមេរ៉ាស្មាតហ្វូន។ ខណៈពេលដែល RGGB ផ្តោតទៅលើការថតរូបភាពទូទៅនោះ RYYB គឺផ្តោតទៅលើការថតរូបភាពនៅកន្លែងដែលមានពន្លឺទាប និងអោយពន្លឺកាន់តែច្បាស់ជាងមុន។

ដូចនេះ ស្មាតហ្វូន Pura 80 Ultra គឺកាន់តែខ្លាំងក្លាក្នុងការថតរូបភាពកន្លែងដែលមានពន្លឺទាប។ អ្នកទម្លាយនេះ បានបន្តអះអាងថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននឹងបំពាក់នូវ Variable Aperture អាចចាប់ពន្លឺចូលបានយ៉ាងល្អ។ គួររំលឹកផងដែរថា ក្រុមហ៊ុន Huawei ធ្លាប់បានប្រើប្រាស់នូវ RYYB Color Filter Array ជាមួយនឹងស្មាតហ្វូន Pura 70 Ultra ផងដែរ ហើយកាមេរ៉ាស្មាតហ្វូននេះ គឺបានធ្វើកាសរប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងកាមេរ៉ាស្មាតហ្វូន Flagships ជាច្រើនទៀតនៅលើទីផ្សារ៕
