
នៅថ្ងៃនេះ ក្រុមហ៊ុន Qualcomm ទើបតែប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ Snapdragon Summit 2024 របស់ខ្លួន នឹងរៀបចំឡើងចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 26 ខែតុលានេះ នៅក្នុងតំបន់ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក។ សូមជំរាបថា ព្រឹត្តិការណ៍ Snapdragon Summit គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងមានការប្រកាសបង្ហាញនូវបន្ទះឈីប flagship mobile processor ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ហើយនៅក្នុងឆ្នាំនេះក៏មិនមានអ្វីដែលខុសប្លែកដែរ។ ព្រឹត្តិការណ៍នេះនឹងមានការប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។
បន្ទះឈីប SoC នេះ គឺផលិតដោយក្រុមហ៊ុន TSMC នៅលើខ្នាត 3nm node ដែលមានការគាំទ្រដដោយ Oryon CPU cores។ នៅលើបន្ទះឈីបថ្មីនេះ នឹងមានការឌីស្សាញជាមួយស្ថាបត្យកម្មថ្មី 2+6 ដែលខុសប្លែកពីបន្ទះឈីប Snapdragon 8 Gen 3 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន គឺមានដំណើរការលើស្ថាបត្យកម្ម 1+3+4 នោះ។ សម្រាប់ឈីប 2 គ្រាប់ប្រភេទ High-Performance Cores នេះ គឺនឹងមានល្បឿនដល់ទៅ 4GHz។
នៅក្នុងការតេស្តនៅលើបញ្ជី Geekbench បន្ទះឈីបនេះ គឺមានពិន្ទុ single-coreលើសពី 3,000 និងការតេស្ត multi-core ដែលមានពិន្ទុលើសពី 10,000។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Qualcomm នឹងប្រើប្រាស់នូវ upgraded GPU architecture ជាមួយនឹងការពង្រឹងទៅលើ cache និង memory compression technologyសម្រាប់សមត្ថភាពកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថា កន្លងមក មានការបែកធ្លាយជាច្រើនបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Gen 4 នេះអាចដំនើការនូវ Genshin Impact បានយ៉ាងរលូនក្នុងពេល 45 នាទី ដោយរក្សានូវស្ថេរភាពទៅលើកម្រិត frame rate របស់វា។ ដូចនេះ បន្ទះឈីបនេះ មានសមត្ថភាពក្នុងការប្រើប្រាស់ជាមួយនឹងហ្គេមធំៗបានយ៉ាងល្អ។ Xiaomi គឺជាអាចជាក្រុមហ៊ុនដំបូងគេ ដែលនឹងបង្ហាញនូវស្មាតហ្វូន Xiaomi 15 series ជាមួយបន្ទះឈីប Snapdragon 8 Gen 4 បន្ទាប់ពីព្រឹត្តិការណ៍នៃការសម្ពោធជាផ្លូវការបន្ទះឈីបនេះ។ បន្តបន្ទាប់មានក្រុមហ៊ុន OnePlus និង iQOO ក៏បានត្រៀមបង្ហាញនូវស្មាតហ្វូន OnePlus 13 និង iQOO 13 ដែលមានបន្ទះឈីបថ្មីនេះផងដែរ។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះនៅលើស្មាតហ្វូន Galaxy S25 series ផងដែរ៕
