
Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្ត Pickup ម៉ាក RAM ដ៏ពេញនិយមរបស់សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងធ្វើការពន្យាពេលប្រកាសចេញរថយន្ត Pickup ដំណើរការដោយថាមពលអគ្គិសនីប្រភេទ REV (Range Extended Vehicle) ឬ RAM 1500 REV។ ជំនួសមកវិញ ក្រុមហ៊ុនបានត្រៀមធ្វើការប្រកាសចេញជំនាន់ថ្មីនៃម៉ូដែល RAM 1500 Ramcharger ដើម្បីធ្វើការពង្រីកស្រឡាយរថយន្តអគ្គិសនីកម្រិតខ្ពស់របស់ខ្លួន។
កាលពីដំបូងឡើង Stellantis ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញរថយន្តអគ្គិសនីប្រភេទថ្មី RAM 1500 REV នៅក្នុងឆ្នាំ 2025 ប៉ុន្តែ ពេលនេះក្រុមហ៊ុនបានប្រកាសបញ្ជាក់ថា ម៉ូដែលថ្មីនេះ នឹងត្រូវពន្យាពេលប្រកាសចេញរហូតដល់ឆ្នាំ 2026 វិញ។ ដោយឡែកសម្រាប់ម៉ូដែលថ្មីរបស់ RAM1500 Ramcharger ម៉ូដែលឆ្នាំ 2025 ត្រូវបានគេរំពឹងទុកថា Stellantis នឹងបើកទទួលការបញ្ជាទិញមុននៅឆមាសដំបូងក្នុងឆ្នាំ 2025។ RAM 1500 Ramcharger ជំនាន់ថ្មីត្រូវបានគេដឹងថា នឹងប្រើប្រាស់កញ្ចប់ថ្មទំហំ 92kWh ហើយនិងភ្ជាប់មកជាមួយម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យថ្មកំលាំង 130kW ដែលការសាកភ្លើងពេញម្តងអាចនឹងបើកបរបានចម្ងាយផ្លូវដល់ 1,110km។

ចំពោះអនុភាពកំលាំងវិញ RAM 1500 Ramcharger នឹងបំពាក់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកំលាំង 663 សេះ និងកំលាំងរមូលខ្លាំងជាង 834Nm ជាមួយសន្ទុះល្បឿនជាន់ពី 0 ទៅ 97km/h ចាយពេលប្រមាណ 4.4 វិនាទី។ RAM 1500 Ramcharger ជំនាន់ថ្មី នឹងមានសមត្ថភាពក្នុងការអូសសណ្តោងទំងន់បានដល់ 6,350kg ខណៈគ្រែដឹងខាងក្រោយអាចផ្ទុកទំងន់បានដល់ 1,191kg។

អ្វីដែលជាពិសេសជាងនេះ RAM 1500 Ramcharger ជំនាន់ថ្មីនឹងគាំទ្រនូវប្រព័ន្ធ vehicle-to-vehicle និង vehicle-to-home bi-directional charging ដែលអនុញ្ញាតិឲ្យវាអាចផ្តល់ថាមពលភ្លើងបន្តសម្រាប់សាករថយន្តអគ្គិសនីផ្សេង និងគ្រឿងបរិក្ខាអេឡិចត្រូនិចបានថែមទៀតផង។

ដោយឡែកសម្រាប់ការពន្យាលពេលប្រកាសចេញម៉ូដែលថ្មី RAM 1500 REV បានកើតឡើងស្របពេលដែល Stellantis ប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងពេលបច្ចុប្បន្ន។ ដូចជានៅពេលថ្មីៗនេះក្រុមហ៊ុនបានប្រកាសពីការចាកចេញរបស់នាយកប្រតិបត្តិលោក Carlos Tavares បន្ទាប់ពីមានកំហុសជាបន្តបន្ទាប់ រួមទាំងកត្តាបញ្ចីសារពើភ័ណ្ឌ និងការធ្លាក់ចុះចំណែកទីផ្សារនៅអាមេរិកខាងជើងជាដើម។ ខណៈពេលដែល Ramcharger គឺជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អតិថិជន និងជាជម្រើសល្អមួយសម្រាប់ការស្តារឡើងវិញនូវចំនែកទីផ្សាររបស់ខ្លួនដែលបានបាត់បង់៕

