ស្វែងរកពួកយើង:

RAM Ramcharger EREV ស៊េរីឆ្នាំ 2026 បំពាក់កញ្ចប់ថ្មទំហំ 92kWh អាចជិះបានចម្ងាយដល់ 1,110 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

27 កុម្ភៈ 2025 07:33 ព្រឹក

អាន 2 នាទី

Article image
រថយន្ត Pick up របស់អាមេរិក RAM Ramcharger ស៊េរីឆ្នាំ 2026 ទទួលបានម៉ូដែលថ្មីមួយទៀតដែលជា Extended-range electric vehicle ឬ EREV។ RAM Ramcharger 2026 EREV របស់ក្រុមហ៊ុន Stellantis នឹងទៅដល់ដៃក្រុមហ៊ុនចែកចាយនៅចុងឆមាសនៃឆ្នាំ 2025 ក្រុមហ៊ុនឆ្នាំម៉ូដែល 2026។ Stellantis ដែលជាក្រុមហ៊ុនមេរបស់ RAM បានបង្ហាញពីលក្ខណៈលម្អិតនៃអនុភាពកំលាំងរបស់ RAM Ramcharger 2026 EREV។
តាមការបញ្ជាក់ពី Stellantis បានឲ្យដឹងថា RAM Ramcharger 2026 EREV គឺមានលក្ខណៈពិសេសខុសពីម៉ូដែល RAM 1500 EREV ដោយម៉ូដែល Pick Up EREV ថ្មីនេះ បានបំពាក់នូវកញ្ចប់ថ្មទំហំ 92kWh រួមជាមួយម៉ាស៊ីនចំនុះ 3.6-liter ជាប្រភេទម៉ាស៊ីន Pentastar V6 engine ដែលអនុញ្ញាតិឲ្យរថយន្ត Pick up ស៊េរីថ្មីនេះអាចបើកបរបានចម្ងាយផ្លូវដល់ 1,110km។
Article image
RAM Ramcharger 2026 EREV អាចបើកបរបានចម្ងាយផ្លូវ 233km ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយនៅពេលដែលថាមពលថ្មជិតអស់ វានឹងធ្វើការផ្លាស់ប្តូរទៅដំណើរការម៉ាស៊ីន V6 ដោយស្វ័យប្រវត្តិតែម្តង ដើម្បីធ្វើជាម៉ាស៊ីន Generator ក្នុងការផ្តល់ថាមពលទៅកាន់ប្រព័ន្ធម៉ូទ័រទាំងពីរដើម្បីបង្វិលកង់ទាំងបួនដែលមានកំលាំង 654 សេះ។
Article image
ក្រុមហ៊ុនបានអះអាងថា សម្រាប់ម៉ូដែល RAM Ramcharger 2026 EREV មានសមត្ថភាពអូសសណ្តោងទំងន់បានរហូតដល់ទៅ 6,350kg ដែលស្មើរជិតពីរដងនៃទំងន់ដែលម៉ូដែលប្រើម៉ាស៊ីនសាំងធ្វើបាន។ សម្រាប់កម្រិតប្រើប្រាស់ថាមពលប្រេងឥន្ទនៈវិញ គឺប្រមាណ 20.5mpg ដែលតិចជាងម៉ូដែល RAM 150 ដែលប្រើម៉ាស៊ីន 3.6-liter និងដំណើរការដោយប្រព័ន្ធ Four-wheel-drive ដែលមានស៊ីសាំងខ្ទង់ 23mpg។
Article image
លោក Tim Kuniskis នាយកប្រតិបត្តិរបស់ RAM បានហៅ Ramcharger 2026 EREV ថាជា  "Goldilocks truck." ដោយលោកបានបន្ថែមថា Ramcharger 2026 មានតុល្យភាពកំលាំងដ៏ល្អឥតខ្ចោះរវាងអត្ថប្រយោជន៍នៃរថយន្តអគ្គិសនី និងភាពជាក់ស្តែងនៃរថយន្តដឹកទំនិញប្រើម៉ាស៊ីនសាំង។ Ramcharger ត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកទិញដែលចាប់អារម្មណ៍នឹងរថយន្តអគ្គិសនី ប៉ុន្តែនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ RAM Ramcharger 2026 EREV មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ ប៉ុន្តែ រថយន្ត Pick up ស៊េរីថ្មីនេះអាចនឹងមានតម្លៃប្រហាក់ប្រហែល ឬទាបជាងម៉ូដែល RAM 1500 បន្តិច៕
RAM Ramcharger EREV ស៊េរីឆ្នាំ 2026 បំពាក់កញ្ចប់ថ្មទំហំ 92kWh អាចជិះបានចម្ងាយដល់ 1,110 គីឡូម៉ែត្រ