
ថ្មីៗនេះ ក្រុមហ៊ុន RAM ទើបតែបានបញ្ចេញភីកអាប់ថ្មីរបស់ខ្លួន ចំនួន 2 ម៉ូដែល គឺ RAM 2500 និង RAM 3500 ស៊េរីឆ្នាំ 2025 ដែលបានអាប់ដេតទៅលើរូបរាង, បច្ចេកវិទ្យា និង ម៉ាស៊ីន Turbo ថ្មី ផងដែរ។ ចំពោះភីកអាប់ RAM ឆ្នាំ 2025 ថ្មីនេះ ប្រើម៉ាស៊ីនចំណុះ 6.7L Turbo ទំហំ 6 ស៊ីឡាំងថ្មី ដែលអាចបង្កើតកម្លាំងបានសរុប 430 HP និង កម្លាំងរមួល 1,456 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គថ្មី អាចឲ្យវារត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 6.9 វិនាទី ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពអាចអូសសណ្តោង បានទម្ងន់ដល់ 16 តោនឯណោះ។
វាក៏មានជម្រើសម៉ាស៊ីនមួយទៀតដែរ គឺ ម៉ាស៊ីនសាំង ចំណុះ 6.4L Hemi ទំហំ 8 ស៊ីឡាំង ប៉ុន្តែអាចផលិតកម្លាំងបានត្រឹមតែ 405 HP និង កម្លាំងរមួល 581 NM ប៉ុណ្ណោះ។ បើនិយាយពីរូបរាងវិញ RAM 2500 និង RAM 3500 ឆ្នាំ 2025 បានកែកុនមុខមាត់ថ្មី ជាពិសេសគឺមានបំពាក់ប៉ាណាមុខថ្មី អមដោយសំណុំចង្កៀងមុខ ឌីហ្សាញដាច់ចេញពីគ្នា ហើយក៏បានបំពាក់យ៉ាន់កង់ និងស្តុបក្រោយថ្មី ផងដែរ។ ពាក់ព័ន្ធនឹងគ្រែដឹកខាងក្រោយរបស់វា RAM នៅតែរក្សា Option RamBox Cargo Management System ដែលជាហិប ដាក់នៅផ្នែកចំហៀងគ្រែដឹក មានអាវក្រោះការពារជម្រាបទឹក, អាចចាក់សោរបាន, មានភ្លើងបំភ្លឺ និង រន្ធព្រីភ្លើង ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វានៅតែរក្សាការរៀបចំ និងឌីហ្សាញបែបប្រណីត ហើយទំនើប ដោយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 14.5 អ៊ីញ ហើយក៏មាន Option អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងមុខ ទំហំ 10.25 អ៊ីញ ដែលវាជាលើកដំបូងហើយសម្រាប់ភីកអាប់ ប្រភេទ Heavy Duty ដែលផ្តល់ Option បែបនេះ ដែលអនុញ្ញាតឲ្យអ្នកដំណើរខាងមុខ បើកមើលប្រព័ន្ធកាមេរ៉ា, ផែនទី ឬ វីដេអូ ជាដើម។ ក្រៅពីនោះ វាក៏មានបំពាក់ចង្កឹះលេខថ្មីនៅជាប់ដៃចង្កូត, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2, មុខងារ V2L, កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ និង Speaker ម៉ាក harman Kardon 17 គ្រាប់ ផងដែរ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ វាមានបំពាក់មុខងារស្តង់ដារជាច្រើន រួមទាំង៖
មុខងារកំណត់ល្បឿនថេរស្វ័យប្រវត្តិ តាមយានយន្តខាងមុខ Adaptive Cruise Control
មុខងារផ្តល់សញ្ញាគ្រោះថ្នាក់នៅផ្នែកខាងមុខ Forward Collision Warning Plus
មុខងារជំនួយចូលចតមុខក្រោយ ParkSense
មុខងារចាប់សម្គាល់ស្លាកសញ្ញាចរាចរ Traffic Sign Recognition
និង មុខងារចាប់គន្លងផ្លូវ Active Lane Management ជាដើម
សូមបញ្ជាក់ថា ភីកអាប់ RAM 2500 មានតម្លៃចាប់ពីខ្ទង់ $47,000 ខណៈ RAM 3500 មានតម្លៃចាប់ពីខ្ទង់ $48,000 នៅលើទីផ្សារសហរដ្ឋអាមេរិក។
