
realme ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការនៅលើសង្វាក់ផលិតស្មាតហ្វូនស៊េរីថ្មីម៉ូដែល realme 12+ 5G សម្រាប់ទីផ្សារសកល និងទីផ្សារប្រទេសចិន។ បើតាមប្រភពបែកធ្លាយនាពេលកន្លងមកបានបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនេះមានលេខកូដសំគាល់ម៉ូដែល RMX3866 ដែលត្រូវបាដនគេដឹងថា ជាម៉ូដែល realme 12+ 5G នៅពេលដែលមានការប្រកាសចេញនៅលើទីផ្សារសកល។ សម្រាប់លេខកូដ RMX3866 នេះ ក៏ត្រូវបានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន 3C និង TENNA របស់ប្រទេសចិនរួចហើយដែរ ដែលត្រូវបានគេដឹងថាជាម៉ូដែល realme 12+ 5G សម្រាប់ទីផ្សារប្រទេសចិន។
ដោយឡែកក្នុងពេលនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ realme នេះក៏បានបង្ហាញវត្តមាននៅលើបញ្ចីនៃកម្មវិធី Geekbench ផងដែរជាមួយលេខកូដ RMX3867/TTZA ព្រមជាមួយបន្ទះឈីប រ៉េម និងប្រតិបត្តិការ Android ផងដែរ។ នៅលើបញ្ចីបានបង្ហាញថា ស្មាតហ្វូន realme 12+ 5G បានប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7050 ភ្ជាប់ដោយរ៉េមទំហំ 12GB និងដំណើរការដោយ Android 14 ស្រោបជាមួយផ្ទៃមុខកម្មវិធី realme UI5។ បញ្ចីរបស់ Geekbench ក៏បានបង្ហាញទៀតថា បន្ទះឈីបស្មាតហ្វូននេះទទួលបានពិន្ទុ 958 នៅលើអង្គគណនា Single-core និងពិន្ទុ 2,346 នៅលើ Multi-core CPU។

បើតាមរបាយការណ៍បាននិយាយថា realme 12+ នឹងបង្ហាញវត្តមានព្រមគ្នាជាមួយ realme 12 Pro និង realme 12 Pro+ នៅទីផ្សារប្រទេសចិនចុងខែកុម្ភៈនេះ។ សម្រាប់ realme 12 Pro និង 12 Pro+ បានទើបតែបានបង្ហាញវត្តមានផ្លូវការណ៍រួចហើយនៅលើទីផ្សារសកល។ បើតាមប្រភពចុងក្រោយបាននិយាយថា realme 12+ 5G ទំនងជានឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនៅក្នុងខែមីនា ខាងមុខ បន្ទាប់ពីការបង្ហាញវត្តមាននៅក្នុងប្រទេសចិននាចុងខែនេះ។
Realme 12+ 5G ត្រូវបានគេដឹងថា នឹងមានការបំពាក់បន្ទះអេក្រង់ AMOLED Display ល្បឿន 120Hz ទំហំ 6.67 អ៊ីង ហើយនិងមានបំពាក់បន្ទះឈីបដែលមានល្បឿន 2.6GHz Octa-core, មានថ្មទំហំ 5,000mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging។ ស្មាតហ្វូនប្អូនពៅក្នុងគ្រួសារ realme 12 Series នេះ ក៏នឹងមានជម្រើសម៉ូដែលប្រើរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំធំដល់ 1TB ថែមទៀតផងសម្រាប់ទីផ្សារប្រទេសចិន។
ចំពោះប្រព័ន្ធកាមេរ៉ាថតរូបវិញ realme 12+ 5G អាចនឹងមានកាមេរ៉ាសែលហ្វីទំហំ 16MP និងប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP+8MP+2MP។ ហើយស្មាតហ្វូនស៊េរីថ្មីនេះ ក៏គាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពក្រោមអេក្រង់ Under-Display Fingerprint Scanner ថែមទៀតផង។ ហើយស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានកម្រាស់ស្តើងត្រឹម 7.87mm ជាមួយទំងន់ 190 ក្រាមផងដែរ៕
