
ក្រុមហ៊ុន realme បានប្រកាសចេញកាសស្តាប់ឥតប្រើខ្សែស៊េរីថ្មីម៉ូឌែល Buds Q2 ជាផ្លូវការណ៍។ កាសស្តាប់ឥតខ្សែស៊េរីថ្មីនេះគឺមានការឌីស្សាញដូចស្រដៀងគ្នានឹងកាស Buds Q ជំនាន់មុនដែរ ប៉ុន្តែ វាត្រូវបានបង្កើននូវផលិតភាពលើមុខងារ Game Mode, កម្រិតការពារទឹក IPX4 និងភ្ជាប់នូវមុខងារកាត់បន្ថយសំឡេង ENC (Environments Noise Cancellation) កាន់តែប្រសើរជាមុន គ្រាន់តែមុខងារនេះគឺដំណើរការតែនៅពេលយើងសន្ទនាទូរស័ព្ទប៉ុណ្ណោះ មិនដូចមុខងារ ANC (Active Noise Cancellation) នោះទេ។
Realme Bud Q2 មានការឌីស្សាញឡើងជាមួយនឹងប្រអប់តូចមានសណ្ឋានជាពងក្រពើរំលេចដោយភ្លើង LED បៃតងមួយគ្រាប់ ប៉ុន្តែ ប្រអប់របស់វានូវតែបន្តប្រើរន្ធសាកថ្មប្រភេទ microUSB មិនឡើងដល់ USB-C នោះទេ។ ចំនែកគ្រាប់កាសនីមួយៗត្រូវបានឌីស្សាញឡើងជាមួយទំហំតូចល្មមសមនឹងរន្ធត្រចៀក និងមានរំលេចការឌីស្សាញគូទកាសកាត់ចេញជារាងគ្រាប់ពេជ្រយ៉ាងស្រស់ស្អាត ព្រមទាំងទ្រទ្រង់មុខងារ gesture សម្រាប់ប៉ះបញ្ជាមុខងារមួយចំនួនដូចជា ប៉ះបញ្ជាក្នុងការចាក់ ឬបញ្ឈប់ការចាក់តន្ត្រី ទទួលការហៅទូរស័ព្ទចូល និងការបញ្ជាបិទ/បើកមុខងារ Game Mode ជាដើម។ ហើយគ្រាប់កាសនិមួយៗគឺមានទំងន់ស្រាលបំផុតត្រឹមតែ 4.1 ក្រាមប៉ុណ្ណោះ ហើយក្បាលកាសមានស្រោបដោយជ័រទន់ពាក់មិនឈឺត្រចៀកទៀតផង។

នៅលើគ្រាប់កាសនិមួយៗមានភ្ជាប់ជាមួយ Driver សំឡេងខ្នាត 10nm ប្រភេទ bass boost driver ដែលផ្តល់នូវសំឡេងលឺច្បាស់ជាមួយកម្រិតបាសបុកល្អមិនបែក។ realme Buds Q2 មានថ្មកាន់បាន 20 ម៉ោងតាមរយះការសាកជាមួយប្រអប់ និងសាកគ្រាប់កាស 10 នាទីអាចកាន់សម្រាប់ការស្តាប់តន្ត្រីបាន 2 ម៉ោង។ ហើយគ្រាប់កាសនិមួយៗសាកថ្មពេញម្តងប្រើពេលប្រហែល 1 ម៉ោង 40 នាទី រីឯប្រអប់របស់វាសាកថ្មពេញម្តងប្រើពេល 2.5 ម៉ោង។

បើនិយាយពីមុខងារ Game Mode វិញ realme Buds Q2 ត្រូវបានក្រុមហ៊ុនបង្កើននូវស្ថិរភាពក្នុងការតភ្ជាប់នៅពេលលេងហ្គេមបានល្អប្រសើរជាងជំនាន់ Buds Q ប្រមាណ 50% ជាមួយកម្រិត Latency ទាបជាងមុនត្រឹម 88ms ប៉ុណ្ណោះ។ ទៅលើការតភ្ជាប់វិញ realme Buds Q2 ប្រើប្រាស់នូវបច្ចេកវិទ្យា Bluetooth 5.0 ដែលមានស្ថិរភាពក្នុងការភ្ជាប់បានល្អក្នុងរយះចំងាយជាង 10 ម៉ែត្រ។ realme Buds Q2 មានជម្រើសពណ៌ខ្មៅ និងពណ៌ខៀវបែកស្វាយ។

realme Buds Q2 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍ក្នុងទីផ្សារប្រទេសប៉ាគីស្ថានក្នុងតម្លៃខ្ទង់ $36 ប៉ុន្តែ សម្រាប់ទីផ្សារប្រទេសតំបន់អាស៊ីមួយចំនួនអាចនឹងមានតម្លៃធូរថ្លៃគឺត្រឹមតែ $26 ប៉ុណ្ណោះ៕
