
ថ្មីៗនេះ ក្រុមហ៊ុន realme បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី realme C85 series នៅក្នុងប្រទេសវៀតណាម ដែលមានដូចជា realme C85 Pro និង realme C85 5G ដោយស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺជាស្មាតហ្វូនដែលមានថាមពលថ្មធំ អេក្រង់ភ្លឺច្បាស់ជាងមុន និងមុខងារ AI ជាច្រើ ហើយនិងមានតម្លៃសមរម្យថែមទៀតផង។ និយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ គឺអេក្រង់ល្បឿន 144Hz display, ថាមពលថ្មទំហំ 7,000mAh, បច្ចេកវិទ្យាការពារ IP69 Pro សម្រាប់ការពារការជ្រាបទឹក និង Android 15 ជាមួយនឹង realme UI 6.0 ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី realme C85 Pro មានអេក្រង់ទំហំ 6.8-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution ទំហំ 1080 x 2344 pixels ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 4,000nits។ ក្រឡេកមកស្មាតហ្វូន C85 5G វិញ មានអេក្រង់ទំហំ 6.8 អ៊ីង LCD ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ HD+ resolution និងមានល្បឿន 144Hz refresh rate។ សម្រាប់ស្មាតហ្វូន realme C85 Pro បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 685 SoC ដែលនេះជាស្មាតហ្វូន 4G LTE ខណៈពេលដែលស្មាតហ្វូន C85 5G បំពាក់នូវបន្ទះឈីប MediaTek Dimensity 6300។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីន 256GB ហើយអាចបន្ថែមទំហំបានតាមរយៈ microSD Card។

ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មានការបំពាក់នូវថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging។ ជាមួយនឹងការដំណើរការនូវ Android 15 ជាមួយនឹង realme UI 6.0 នោះ ស្មាតហ្វូនទាំងពីរនេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ និងការអាប់ដេត software កាន់តែយូរជាងមុន។ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាខាងមុខទំហំ 8MP ផងដែរ។ សម្រាប់ស្មាតហ្វូន realme C85 Pro មានវិមាត្រ 164.4 x 77.99 x 8.09mm និងទម្ងន់ 205g ខណៈពេលដែលស្មាតហ្វូន realme C85 5G មានកម្រាស់ 8.38mm និងទម្ងន់ 215g។

មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះមានដូចជា Wi-Fi 5, Bluetooth 5.0 (C85 Pro) / 5.3 (C85 5G), GPS, NFC, dual SIM, USB-C port និង IP69 Pro សម្រាប់ការពារការជ្រាបទឹកផងដែរ។ ស្មាតហ្វូន realme C85 Series នេះ មានពណ៌ Parrot Purple និង Peacock Green នៅក្នុងប្រទេសវៀតណាម។ ស្មាតហ្វូន realme Pro edition មានតម្លៃ 6,490,000 VND (~$245) សម្រាប់ទំហំ 8GB+128GB និងតម្លៃ 7,090,000 VND (~$270) សម្រាប់ទំហំ 8GB+256GB។ ចំណែកស្មាតហ្វូន realme C85 5G មានតម្លៃ 7,690,000 VND (~$290) សម្រាប់ទំហំ 8GB+256GB ៕
