
កាលពីប៉ុន្មានថ្ងៃមុនេះ ក្រុមហ៊ុន realme បានធ្វើការទម្លាយចេញនូវព័ត៌មានថ្មីៗទាក់ទងជាមួយនិងការប្រកាសដាក់លក់ស្មាតហ្វូនជំនាន់ថ្មី GT 7 series នៅលើទីផ្សារជាច្រើន។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ អាចនឹងមានម៉ូដែល realme GT 7T និង realme GT 7 ដែលម៉ូដែលធំមួយទៀតមានសមត្ថភាពខ្លាំងនៅក្នុងការប្រើប្រាស់។ ថ្មីៗនេះ ក៏មានការទម្លាយនូវការឌីស្សាញរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី realme GT 7 នេះផងដែរ។
នៅថ្ងៃនេះ យោងតាមការបង្ហាញជាថ្មីមៅលើ Geekbench បានបញ្ជាក់ថា realme GT 7 និង GT 7T គឺមានការបំពាក់នូវបន្ទះឈីប Dimensity 9300 Plus និង Dimensity 8400។ ទាក់ទងទៅនឹងញ្ជីនេះ ក៏មានការព្យាករណ៌ថា GT 7 និង GT 7T គឺជាស្មាតហ្វូនដែលនឹងមានការ Rebrand ចេញពីម៉ូដែល realme Neo 7 និង Realme Neo 7 SE ដែលក្រុមហ៊ុននេះ បានធ្វើការប្រកាសដាក់លក់នៅលើទីផ្សារប្រទេសចិនរួចហើយ។

តែជាមួយនិងវីដេអូថ្មីដែល ក្រុមហ៊ុន realme ទម្លាយចេញនៅពេលនេះ គឺមានចេតនាចង់បង្ហាញពីការឌីស្សាញថ្មីទៅលើស្មាតហ្វូន realme GT 7។ បើមើលទៅលើម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ គឺមិនដូចគ្នាជាមួយនិងម៉ូឌុលកាមេរ៉ារបស់ Neo 7 នោះទេ ដូច្នេះមានការកត់សម្គាល់ថា ស្មាតហ្វូន GT 7 ដែលនឹងមានលក់នៅលើទីផ្សារសកលមួយនេះ នឹងមានការប្តូរឈ្មោះពីស្មាតហ្វូន Neo 7 ដែលមានលក់នៅស្រុកចិននោះឡើយ។ ហើយស្មាតហ្វូននេះ ក៏នឹងមានជម្រើសពណ៌ខៀវ ហើយនិងពណ៌ខ្មៅថែមទៀតផង។

មួយវិញទៀតបើផ្អែកទៅលើបញ្ជីរបស់ Geekbench គឺមានទម្លាយថា GT 7 បំពាក់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9400e មិនមែនជាបន្ទះឈីប D9300+ នោះទេ។ ហើយបន្ថែមពីនេះក៏មានការទម្លាយថា បន្ទះឈីប D9400e ក៏នឹងមានការអមដំណើរដោយ CPU និង GPU ដូចគ្នានៅលើបន្ទះឈីប D9300+ អញ្ចឹង ប៉ុន្តែអាចនឹងមានភាពខុសគ្នាទៅលើផ្នែកណាមួយ។ ប្រភពខាងលើនេះ បានបន្តថា Realme GT 7 ដែលដំណើរការដោយបន្ទះឈីប Dimensity 9400e នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះ។ ហើយស្មាតហ្វូននេះក៏នឹងអាចមានវត្តមាននៅចិនផងដែរ ដោយប្តូរឈ្មោះមកជា Neo 7 Pro។
