
realme GT 7 Pro គឺជាស្មាតហ្វូនម៉ូដែលថ្មីមួយ ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការណ៌នៅក្នុងប្រទេសចិនកាលពីដើមខែនេះ។ ស្មាតហ្វូននេះ គឺជាសមាជិកមួយនៃស្មាតហ្វូនប្រណិតៗ ដែលមានការបំពាក់មកជាមួយនូវបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ម៉ូដែល Snapdragon 8 Elite។ យោងតាមព័ត៌មានមុននេះ បាននិយាយថា នៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ ស្មាតហ្វូននេះ គឺនឹងមានបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។ ប៉ុន្តែមានចំណុចពិសេសមួយដែលខុសគ្នាពីស្មាតហ្វូន GT 7 Pro ដែលលក់នៅលើទីផ្សារប្រទេសចិន។
តាមការបញ្ជាក់របស់ក្រុមហ៊ុន realme បាននិយាយថា ស្មាតហ្វូន realme GT 7 Pro ដែលត្រៀមខ្លួនសម្រាប់ទីផ្សារសកលដែលមានប្រទេសឥណ្ឌាផងដែរនេះ គឺមានការបំពាក់មកជាមួយនូវថាមពលថ្មទំហំត្រឹមតែ 5,800mAh ប៉ុណ្ណោះ ប៉ុន្តែសម្រាប់បច្ចេកវិទ្យា សាកថ្ម វិញគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W fast charging ដូចគ្នាទៅនឹងម៉ូដែលនៅក្នុងប្រទេសចិនអញ្ចឹងដែរ។

សូមជំរាបថា iQOO 13 ដែលបានបង្ហាញខ្លួនប្រទេសឥណ្ឌា កាលពីខែមុននេះ ក៏មានការកាត់បន្ថយថាមពលថ្មមកត្រឹមតែ 6,000mAh ផងដែរ ខណៈដែលម៉ូដែលលក់នៅលើទីផ្សារចិនមានកម្លាំង 6150mAh។ ទាក់ទងនឹងរឿងនេះ នៅមិនទាន់មានការប្រកាសជាផ្លូវការណ៌ពីក្រុមហ៊ុន realme ឬ iQOO នៅឡើយទេថា ហេតុអ្វីបានជាម៉ូដែល Global Version របស់ស្មាតហ្វូន Flagship ថ្មីនេះ មានថាមពលថ្មទំហំតូចជាងម៉ូដែលនៅក្នុងប្រទេសចិន។

ជាមួយនិងបញ្ហានេះ ក៏មានការបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺអាចមកពីចំណង់ចំណូលចិត្តនៅលើទីផ្សារ ឬតាមការទាមទារទៅលើបទបញ្ញត្តិ ក៏ដូចជាការប្រើប្រាស់តាមតំបន់និមួយៗ។ ហេតុនេះហើយបានធ្វើអោយមានការជះឥទ្ធិពលទៅលើការឌីស្សាញ និងលក្ខណៈសម្បត្តិបែបនេះ។ បន្ថែមពីនេះ សមាសភាគ ខ្សែសង្វាក់ផ្គត់ផ្គង់ និងស្តង់ដារវិញ្ញាបនបត្រនិមួយៗ ក៏អាចប៉ះពាល់ទៅលើទំហំថាមពលថ្មផងដែរ៕
