
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន realme គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិនថែមទៀតហើយ។ GT Neo 7 ដែលជាម៉ូដែលថ្មីមួយរបស់ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅខែធ្នូខាងមុខនេះហើយ ដោយម៉ូដែលនេះត្រូវបានគេចាត់ទុកថា គឺជាសមាជិកមួយរបស់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ realme។
ប៉ុន្តែសម្រាប់ស្មាតហ្វូន GT 7 Pro វិញត្រូវបានគេជឿជាក់ថា នឹងមានការបង្ហាញវត្តមាននៅដើមខែវិច្ឆិកានេះហើយ ដោយម៉ូដែលនេះ នឹងក្លាយជាម៉ូដែលប្រណិតដែលមានការឌីស្សាញរូបរាងស្អាតទាក់ទាញ និងមានការតម្លើងនូវប្រព័ន្ធកាមេរ៉ាជំនាន់ថ្មីសម្រាប់ការផលិតរូបភាព និងវីដេអូ រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀតផងដែរ។ នៅថ្ងៃនេះបើតាមការទម្លាយចេញពី Digital Chat Station គឺបាននិយាយពីថាមពលថ្មនៅលើស្មាតហ្វូន GT 7 Pro ថែមទៀតហើយ។

មុននេះមានការបែកធ្លាយម្តងរួចមកហើយថា ស្មាតហ្វូន realme GT 7 Pro នឹងមានការបំពាក់នូវថាមពលថ្មធំ ដែលមិនធ្លាប់បានប្រើប្រាស់នៅស្មាតហ្វូនក្រុមហ៊ុន realme នាពេលកន្លងមកនោះទេ។ ប៉ុន្តែសម្រាប់ការទម្លាយថ្មីនៅថ្ងៃនេះ គឺបានបញ្ជាក់ច្បាស់ហើយថា នៅលើស្មាតហ្វូនជំនាន់ថ្មី GT 7 Pro នេះ គឺនឹងមានការបំពាក់មកជាមួយនូវថ្មទំហំ 6,500mAh ហើយនឹងមានការគាំទ្រនូវកម្លាំងសាក 120W fast charging។

គួរបញ្ជាក់ថា បន្ទាប់ពីការបង្ហោះរបស់ DCS នៅលើបណ្តាញ Weibo បន្តិច ស្រាប់តែលោកអគ្គនាយករបស់ក្រុមហ៊ុន realme ប្រចាំនៅប្រទេសចិន លោក Xu Qi Chase បានធ្វើការចែកចាយនូវព័ត៌មានថាមពល និងកម្លាំងសាករបស់ស្មាតហ្វូននេះផងដែរ។ នៅលើសារនេះបានសសេរថា ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,500mAh និងមានកម្លាំងសាក 120W charging។
