
គិតមកដល់ថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនធំរបស់ចិនជាច្រើនបានបង្ហាញចេញនូវស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ខ្លួនជាបណ្តើរៗហើយ។ តាមការបែកធ្លាយនៅថ្ងៃនេះ មានការបង្ហើបថា ក្រុមហ៊ុន realme ក៏ត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme GT 8 Pro របស់ខ្លួនផងដែរអ។ បើតាមទម្លាយមុននេះ បានអោយដឹងថា realme GT 8 series ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែតុលាខាងមុខនេះហើយគ្រោងនឹងមានការដាក់លក់នៅលើទីផ្សារសកលនាដំណាច់ឆ្នាំខាងមុខ។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite Gen 5 SoC ដូចដៃគូររបស់ខ្លួនអញ្ចឹង។ នៅថ្ងៃនេះ មានដំណឹងផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី GT 8 Pro នេះ នឹងមានការបំពាក់នូវអេក្រង់ QHD resolution ដែលមានផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE display តាមរយៈនៃការប្រើប្រាស់នូវបន្ទះកញ្ចក់ Q10+ panel និងមានល្បឿន 144Hz refresh rate។ ក្រុមហ៊ុនបានបន្ថែមថា អេក្រង់នេះ ក៏មានការពង្រឹងទៅលើកម្រិតពន្លឺ ហើយនិងប្រព័ន្ធការពារភ្នែកទៀតផង។

នៅពេលនេះ លោក Xu Qi Chase ដែលជាអគ្គនាយករងក្រុមហ៊ុន realme ក៏បានបញ្ចេញនូវផ្នែកខាងមុខនៃស្មាតហ្វូនជំនាន់ថ្មី GT 8 Pro ដោយបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើរ ហើយនិងមានកម្រ៉ាស់ស្តើង និងមានគែម bezels តូចស្តើងថែមទៀតផង។ លោកបានបន្ថែមថា realme GT 8 series នឹងមានការប្រើប្រាស់នូវស្បែកកម្មវិធី Realme UI 7.0 ចេញពីប្រអប់តែម្តង។ កម្មវិធីនេះមានការប្រើប្រាស់នូវ interface រលូន និងមានលក្ខណៈពិសេសទៅលើការលេងហ្គេម។ លោក Chase ថែមទាំងមានការបញ្ជាក់ថា realme GT 8 series នឹងមានតម្លៃទាបជាង 5,000 យ៉ន់ ដែលប្រហែល $700។
