
យោងតាមការបែកធ្លាយ ចុងក្រោយបំផុត ដែលចេញពីអ្នកទម្លាយ @digitalchatstation បានបញ្ជាក់អំពីលក្ខណៈសម្បត្តិលម្អិតនៃស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT Neo 6 series ហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 (SM8635) និងមានអេក្រង់កម្រិតដល់ទៅ 1.5K ថែមទៀតផង។ កន្លងមកនៅលើ Geekbench ក៏មានបង្ហាញអំពីស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន realme ដែលមានលេខកូដ RMX3851។
ជាមួយនិងការធ្វើតេស្តស្មាតហ្វូនជំនាន់ថ្មីនេះនៅលើបន្ទះឈីប SM8635 បានបង្ហាញថា ស្មាតហ្វូននេះ មានមានពិន្ទុ 1512 នៅក្នុងការតេស្ត single-core និងពិន្ទុ 3799 នៅក្នុងការតេស្ត multi-core។ សម្រាប់បន្ទះឈីបនេះ គឺប្រើប្រាស់នូវស្ថាបត្យកម្ម 1x3.01GHz Cortex-X4, 4x2.61GHz Cortex-A720 និង 3x1.84GHz Cortex-A520 cores ហើយសម្រាប់ឈ្មោះនៃកូដរបស់វាគឺ “pineapple” ដែលសំដៅទៅលើបន្ទះឈីប Snapdragon 8 Gen 3 ។

បន្ទះឈីប Snapdragon 8 Gen 3 SoC នេះ មានកម្រិតហ្វ្រេកង់ខ្ពស់ជាងមុន។ សម្រាប់ក្រាហ្វិកកាតវិញនោះ គឺប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត Adreno 735 GPU។ ប្រភពចេញពី @Ice Universe បានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm ក៏បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវបន្ទះឈីប SM7675 និង SM8635 ចូលទៅក្នុងទីផ្សារនៅក្នុងខែមីនាខាងមុខនេះផងដែរ។ បន្ទះឈីបទាំងពីរនេះ មានស្ថាបត្យកម្មដូចគ្នា ហើយវាមានកូដនៃការអភិវឌ្ឍហៅថា “Cliffs” ផងដែរ៕
