ស្វែងរកពួកយើង:

realme GT7 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនិងថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាក 100W Charging

ដោយ

Koun Jab Luffy

11 កក្កដា 2024 01:54 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រូវគេរំពឹងថា នឹង បង្ហាញនូវស្មាតហ្វូន realme GT7 Pro នៅចុងឆ្នាំនេះហើយ។ គួរបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន realme GT5 Pro គឺបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ 2023 កន្លងទៅនេះ ដូច្នេះសម្រាប់ស្មាតហ្វូន GT7 Pro ក៏ត្រូវបានគេព្យាករណ៌ថាស នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននារយៈពេលដូចគ្នា។ទាក់ទងនឹងព័ត៌មាននេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន realme GT7 Pro អាចនឹងក្លាយជាស្មាតហ្វូន Snapdragon 8 Gen 4 មុនគេដែលបង្ហាញខ្លួននៅលើទីផ្សារសកល។
មើលទៅលើការបែកធ្លាយនេះគឺចេញពីអ្នកទម្លាយ Digital Chat Station ដែលបានចែករំលែកថ្មីៗនេះ ក៏មានការបង្ហាញអំពីទំហំនៃថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់វាផងដែរ។ ប៉ុន្តែ Digital Chat Station នៅមិនទាន់បានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូននេះទេ ដោយគ្រាន់តែបញ្ជាក់ថា ស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ខាងមុខរបស់ក្រុមហ៊ុន realme នោះគឺស្មាតហ្វូន GT 7 Pro។
នៅក្នុងការបង្ហោះនៅលើ Weibo របស់ Digital Chat Station នោះ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្មាតហ្វូន GT7 Pro នេះនឹងអាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន OnePlus 13។ នៅលើស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,000mAh silicon-negative electrode ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W rapid charging ទៀតផង។ ស្មាតហ្វូននេះមានរាងស្តើងនិងមានកម្រាស់ប្រហែលជា 8.5mm។ GT7 Pro ថ្មីនេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-Megapixel និង Periscope Telephoto គាំទ្រដោយសិនស័រ Sony IMX882 ជាមួយនឹងមុខងារ 3x optical zoom ផងដែរ។
Article image
សូមជំរាបថា របាយការណ៍ជាច្រើនមុននេះមានបញ្ជាក់ថា ស្មាតហ្វូន GT 7 Pro នេះ នឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន realme នេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic in-screen fingerprint និងមានបច្ចេកវិទ្យា IP69 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ។ ថ្មីៗនេះ បើតាមពាក្យចចាមអារ៉ាមជាច្រើនក៏បាននិយាយដែរថា ស្មាតហ្វូន Xiaomi 15 និង 15 Pro ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ គឺជាស្មាតហ្វូនបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ដំបូងគេបំផុតនៅលើទីផ្សារប្រទេសចិននៅក្នុងឆ្នាំនេះ៕