
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme 13 Pro Series នៅក្នុងប្រទេសចិនហើយនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុននេះក៏នឹងមានបង្ហាញចេញនូវស្មាតហ្វូនស្ថិតនៅក្នុងត្រកូល realme 13 នេះនៅក្នុងទីផ្សាររបស់ប្រទេសចិនថែមទៀតហើយ។ សូមជំរាបថា នៅចុងខែតុលា ឬខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងមានការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី realme GT7 Pro ដែលនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ផងដែរ។
យោងតាមអ្នកទម្លាយ Digital Chat Station កាលពីមុននេះ ក៏ទើបតែទម្លាយនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូន realme GT7 Pro។ ប៉ុន្តែនៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានបង្ហោះនូវព័ត៌មានបន្ថែមទៀតរបស់ស្មាតហ្វូននេះ នៅលើគណនី Weibo របស់ខ្លួនថែមទៀតហើយ។ សម្រាប់លក្ខណៈសម្បត្តិរបស់ realme GT7 Pro នឹងមានអេក្រង់ BOE X2 ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE ដែលមានគែមអេក្រង់កោងនៅលើជ្រុងទាំង 4។ បើមើលទៅលើស្មាតហ្វូន realme GT5 Pro ដែលបង្ហាញខ្លួនកាលពីខែធ្នូឆ្នាំមុននេះ គឺមានអេក្រង់ BOE X1។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិត 1.5K resolution ប៉ុន្តែគាត់មិនទាន់បានទម្លាយអំពីទំហំអេក្រង់របស់ស្មាតហ្វូននេះនៅឡើយទេ។

អេក្រង់ BOE X2 នេះ នឹងមានការពង្រឹងច្រើនបើធៀបជាមួយនឹងអេក្រង់ BOE X1 ខណៈពេលដែលទំហំអេក្រង់របស់ស្មាតហ្វូន realme GT7 Pro នេះ អាចនឹងមានទំហំ 6.78 អ៊ីង ដូចទៅនឹងស្មាតហ្វូន realme GT5 Pro។ ស្មាតហ្វូន realme GT7 Pro នេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 4។ ស្មាតហ្វូននេះ អាចនឹងមានរ៉េមទំហំ 16GB-1TB ននិងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W Charging។ស្មាតហ្វូននេះអាចនឹងមានថាមពលថ្មទំហំ 6,000mAh+។

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី realme GT7 Pro នេះមានសិនស័រ Sony LYT-600 3X Periscope Lens ហើយប្រហែលជាមិនមានកាមេរ៉ា Telephoto Macro Lens នោះទេ។ ស្មាតហ្វូននេះ អាចនឹងបំពាក់នូវកាមេរ៉ា 10x Hybrid Zoom និងការហ៊្សូម 120x Digital Zoom។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាគោលទំហំ 50-Megapixel ផងដែរ។ ស្មាតហ្វូន realme GT7 Pro នេះអាចនឹងបំពាក់នូវ IP68/69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន realme GT7 Pro នឹងប្រើប្រាស់នូវសិនស័រ Single-Point Ultrasonic ផងដែរ៕
