
យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានអោយដឹងថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី realme Neo 8 ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែធ្នូឆ្នាំ 2025 ខាងមុខនេះហើយ។ បើមើលទៅលើអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo នៅថ្ងៃនេះ គឺមានការចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme Neo 8 ផងដែរ។ គួរបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Realme បានប្រកាសចេញនូវស្មាតហ្វូន realme Neo 7 ដែលមានការបំពាក់នូវបន្ទះឈីប Dimensity 9300 Plus ហើយនិងមានថាមពលថ្មទំហំ 7,000mAh។
តាមរយៈនៃការបែកធ្លាយថ្មីនេះ បង្ហាញថា ស្មាតហ្វូន realme Neo 8 នឹងមានអេក្រង់ប្រភេទ LTPS OLED មានសមត្ថភាពអាចបង្ហាញចេញបានកម្រិតភាពច្បាស់ 1.5K resolution រួមនិងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ អេក្រង់របស់ស្មាតហ្វូនជំនាន់មុននេះ គឺទ្រទ្រង់នូវបច្ចេកវិទ្យា LTPO ហើយនិងមានសិនស័រ Optical-Type Fingerprint Sensor ទៀតផង។ បើមើលទៅលើបន្ទះឈីបនៅលើស្មាតហ្វូនថ្មីនេះ គឺត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុននេះ បានតេស្តជាមួយនឹងបន្ទះឈីប Dimensity 9500e ឬ Snapdragon 8 Gen 5។

យោងតាមពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Gen 5 ដែលមានលេខកូដ SM8845 នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 នៅក្នុងខែកញ្ញាខាងមុខនេះហើយ។ ក្រឡេកមកមើលបន្ទះឈីប Dimensity 9500e វិញ គឺត្រូវបានគេបញ្ជាក់ថា គឺមានកំណែថ្មីនៃបន្ទះឈីប Dimensity 9400 Plus។ បើមើលទៅលើស្មាតហ្វូន realme Neo 8 នេះ ការបែកធ្លាយថ្មីនេះទម្លាយថា ស្មាតហ្វូននេះនឹងមានថាមពលថ្មធំដល់ទៅ 8,000mAh។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន ក្រុមហ៊ុន realme ក៏ធ្វើការនៅលើស្មាតហ្វូន realme Neo 8 SE។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីបជំនាន់ថ្មី Dimensity 8500 SoC ហើយអាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2026 ខាងមុខនេះ៕
