
ថ្មីៗនេះ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Redmi Turbo 4 ដែលនេះ គឺជាស្មាតហ្វូនជំនាន់ថ្មីដំបូងគេបំផុតប្រើប្រាស់នូវបច្ចេកវិទ្យា MediaTek Dimensity 8400 SoC។ នៅក្នុងនាមជាក្រុមហ៊ុនប្រកួតប្រជែងនោះ ថ្មីៗនេះ ក្រុមហ៊ុន realme ក៏បានជូនដំណឹងពីវត្តមានស្មាតហ្វូនរបស់ខ្លួនដែលមានការប្រើប្រាស់នូវបន្ទះឈីបដូចគ្នានេះផងដែរ។ មានការព្យាករណ៌ថា ស្មាតហ្វូនថ្មីនេះ មានឈ្មោះថា realme Neo7 SE។
បើតាមការការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Realme បានបង្ហាញពីឈ្មោះផ្លូវការណ៌របស់ស្មាតហ្វូនថ្មីនេះហើយ នោះគឺ Neo7 SE។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការសម្ពោធជាផ្លូវការណ៌នៅខែក្រោយនេះហើយ ដោយមានការភ្ជាប់ជាមួយនូវបន្ទះឈីប Dimensity 8400 Max ប៉ុន្តែបើមើលទៅលើស្មាតហ្វូនរបស់ Redmi វិញ គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8400 Ultra។ ទាក់ទងនឹងការលើកឡើងនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីភាពខុសគ្នារបស់បន្ទះឈីបនៅនៅឡើយទេ។

ទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះដែរ នៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station ក៏បានចែកចាយនូវទម្ងន់ និងថាមពលថ្មនៅលើស្មាតហ្វូនផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Realme Neo7 SE នឹងមានថ្មទំហំ 7,000mAh ដែលនឹងផ្តល់អោយអ្នកប្រើប្រាស់អាចប្រើស្មាតហ្វូនបានកាន់តែយូរជាងមុន។ ជាមួយគ្នានេះ ក៏មានការទម្លាយថា នៅលើស្មាតហ្វូន Neo7 SE ក៏មានការតម្លើងនូវប្រព័ន្ធត្រជាក់ ហើយនិងបន្ទះឈីប Snapdragon 7+ Gen 3 SoC ថែមទៀតផង។
