
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក realme របស់ប្រទេសចិន បានបញ្ជាក់ផ្លូវការណ៍ពីព្រឹត្តិការណ៍បើកសម្ភោធន៍នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជំនាន់ថ្មីកំលាំងដល់ 300W Wired Fast Charging tech។ ដោយ realme បានបញ្ជាក់ថា ខ្លួននឹងមានការប្រារព្ធព្រឹត្តិការណ៍សម្ភោធផ្លូវការណ៍នៅបច្ចេកវិទ្យាសាកភ្លើងជំនាន់ថ្មីនៅថ្ងៃទី 14 ខែសីហា នៅសប្តាហ៍ក្រោយនេះ នៅប្រទេសចិន។
ព្រឹត្តិការណ៍បើកសម្ភោធន៍បច្ចេកវិទ្យាថ្មីនេះ “Technology breakthrough” គឺជាព្រឹត្តិការណ៍ជំហានបន្ទាប់ថ្មីមួយទៀត បន្ទាប់ពីការបង្ហាញនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 240W ដែលបានបង្ហាញចេញនៅខែកុម្ភៈ ក្នុងឆ្នាំ 2023។ ជាមួយគ្នានេះ ក្រុមហ៊ុន redmi ដែលជា sub-brand របស់ Xiaomi ក៏បានធ្វើការណែនាំបង្ហាញនូវបច្ចេកវិទ្យាសាកភ្លើងដូចគ្នានេះដែរ ដែលមានសមត្ថភាពអាចសាកថ្មពីចំនុច 0% ទៅពេញ 100% ប្រើពេលមិនដល់ 5 នាទីផង។
យ៉ាងណាមិញបើគិតទៅមានរយះពេល 18 ខែហើយ បន្ទាប់ពីប្រកាសចេញមក គឺមិនទាន់ឃើញមានស្មាតហ្វូនម៉ូដែលណាមួយបានប្រើនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចរន្ទះនេះនៅឡើយទេ។ បច្ចុប្បន្ន realme គឺជាក្រុមហ៊ុនតែមួយគត់របស់ចិន និងលើពិភពលោកដែលមានស្មាតហ្វូនគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 240W Wired Fast Charging គឺម៉ូដែល realme GT Neo 5 ដែលបានប្រកាសចេញនៅទីផ្សារប្រទេសចិន និងក្រោយមកបានប្រកាសចេញសម្រាប់ទីផ្សារសកលក្រោមស្លាកឈ្មោះថ្មីហៅថា realme GT3។
realme បានសន្យាថា ការសាកភ្លើងពី 0% ទៅ 100% គឺប្រពេលខ្ទង់ 10 នាទី។ សម្រាប់ព្រឹត្តិការណ៍ realme នៅសប្តាហ៍ក្រោយនេះ គឺពេលវេលាសម្រាប់ 828 Realme Fan Festival ដោយ 8.28 គឺសំដៅទៅលើពេលវេលានាថ្ងៃទី 28 ខែ 8 ឆ្នាំ 2018 ដែលជាថ្ងៃនៃការបង្ហាញវត្តមានស្មាតហ្វូនម៉ាក realme ដំបូងមកលើទីផ្សារ និងជាថ្ងៃដែលក្រុមហ៊ុនបានក្លាយជាម៉ាកយីហោស្មាតហ្វូនឯករាជ្យ៕
