
បច្ចុប្បន្ននេះ ក្រុមហ៊ុន Red Magic កំពុងតែធ្វើការនៅលើស្មាតហ្វូនលេងហ្គេម Flagship ជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ។ ស្មាតហ្វូនជំនាន់ថ្មី Red Magic 10 series ត្រូវបានគេមើលឃើញថា មានការបែកធ្លាយជាច្រើន ដោយបានបង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដ៏ខ្លាំងក្លា ហើយអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលណាមួយនៅជិតដាច់ឆ្នាំខាងមុខនេះ។
ព័ត៌មានថ្មីនេះ ត្រូវបានចែកចាយដោយអ្នកទម្លាយ Smart Pikachu នៅលើបណ្តាញសង្គម Weibo ដោយលោកបាន អះអាងថា ស្មាតហ្វូនលេងហ្កេមថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះហើយ។ សម្រាប់កាលបរិច្ឆេទជាក់លាក់នៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ ប៉ុន្តែវាអាចនឹងស្របទៅនឹងពេលវេលានៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Red Magic 9 series កាលពីឆ្នាំមុននេះផងដែរ។ ស្មាតហ្វូន Red Magic 10 series នេះ អាចនឹងមានម៉ូដែលជាច្រើនដូចជា Red Magic 10, Red Magic 10 Pro និង Red Magic 10 Pro។
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីនេះ អាចនឹងមានការបំពាក់នូវបន្ទះឈីប dual-core Qualcomm Snapdragon 8 Gen 4 SoC ដែលជាបន្ទះឈីប flagship grade processor ជំនាន់ថ្មីរបស់ក្រុមហ៊ុនថែមទៀតផង។ មកដល់ពេលេនេះ នៅមិនទាន់ច្បាស់នោះទេថា ពាក្យ “dual-core” សំដៅទៅលើអ្វីនោះ។ បន្ទះឈីប high-end chip នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានសមត្ថភាពក្នុងការកាត់បន្ថយទៅលើកំដៅថែមទៀតផង។

ស្មាតហ្វូន Red Magic 10 series ថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងមានថាមពលថ្មទំហំ 6,500mAh។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ OLED display របស់ក្រុមហ៊ុន BOE ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 1.5K Resolution។ Smart Pikachu បានអះអាងថា វាក៏នឹងមានប៊ូតុងពិសេស (Buttons) ជាច្រើនសម្រាប់ការលេងហ្គេមស្មាតហ្វូនថែមទៀត។
