
កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Nubia បានធ្វើការប្រកាសចេញស្មាតហ្វូនហ្គេមជំនាន់ថ្មីចុងក្រោយរបស់ ខ្លួនម៉ូដែល Red Magic 9 Series ជាមួយគ្នានេះក្រុមហ៊ុននេះ ក៏បានធ្វើការប្រកាសចេញម៉ូដែលពិសេសសម្រាប់ម៉ូដែល Red Magic 9 Pro ដែលមានឈ្មោះថា Red Magic 9 Pro White Special Edition ដើម្បីត្រៀមសា្វគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ យ៉ាងណាមិញក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតពីគុណសម្បត្តិ តម្លៃ ក៏ដូចជាថ្ងៃត្រូវប្រកាសចេញលក់សម្រាប់ម៉ូដែលពិសេសនេះនៅឡើយ។
ដោយឡែកនៅពេលនេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់ជាផ្លូវការណ៍ថា Red Magic 9 Pro White Special Edition ត្រូវបានប្រសិទ្ធនាមថាជាម៉ូដែល “Cloud Dragon”។ ហើយក្រុមហ៊ុនក៏បានធ្វើការបើកទទួលការបញ្ជាទិញសម្រាប់ម៉ូដែលពិសេស ហើយការចេញលក់អាចនឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 29 ចុងខែមករា ខាងមុននេះដែលមានតម្លៃប្រហែល $812។ សម្រាប់ម៉ូដែល Red Magic 9 Pro White Special Edition ត្រូវបានរចនាឡើងជាមួយនឹងពណ៌ស រំលេចជាមួយរូបភាពនាគរាជដែលមានការឌីស្សាញបែប 3D micro-engraved dragon pattern ប្រកបភាពស្រស់ស្អាត និងភាពទាក់ទាញ។
សម្រាប់ការឌីស្សាញទូទៅរបស់ម៉ូដែលពិសេសនេះ គឺដូចជាគ្នាទៅនឹងម៉ូដែល Magic 9 Pro ធម្មតាដែរ ជាមួយផ្ទៃខ្នងក្រោយរាបស្មើ ជាមួយបច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់។ សម្រាប់ការវ៉ិចខ្ចប់វិញ ដោយនៅក្នុងប្រអប់មានមកជាមួយទូរស័ព្ទមួយគ្រឿង, ស្រោមការពារប្រភេទ magnetic esports protective case, ឆ្នាំងសាកកំលាំង 80W gallium nitride charger និងជើងចាក់ទ្រនាប់ស៊ីមរចនាពិសេស Special lucky cloud card pin។ Red Magic 9 Pro “Cloud Dragon” បំពាក់បន្ទះឈីបកំពូល Qualcomm Snapdragon 8 Gen 3 ភ្ជាប់ដោយរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB។ សម្រាប់ថ្មវិញ គឺមានទំហំ 6,500mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Fast Charger។
Nubia Red Magic 9 Pro បំពាក់អេក្រង់រាបស្មើរប្រភេទ Flat-OLED Display ទំហំ 6.8 អ៊ីង គាំទ្រកម្រិតបង្ហាញ Full-HD+ ល្បឿន 120Hz refresh rate ជាមួយល្បឿនប៉ះបញ្ជាដល់ 960Hz touch sampling rate ជាមួយជម្រៅទឹកពណ៌ 10-bit គាំទ្របច្ចេកវិទ្យាទឹកពណ៌កម្រិតស្តង់ដារ 100% DCI-P3 និងមានកម្រិតពន្លឺខ្ពស់ដល់ 1,600nit ហើយនិងមុខងារ DC Dimming រួមនឹងស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 5។ បន្ថែមពីនេះ Red Magic 9 Pro Series ក៏មានបំពាក់ជំនួយបន្ថែមនូវឈីប Red Core R2 Pro ដើម្បីជំនួយទៅលើការប៊ូតុងចុងបញ្ជាហ្គេមបានលឿនក្នុងល្បឿនអតិបរិមាដល់ 520Hz touch-sensitive shoulder buttons ថែមទៀតផង។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Red Magic 9 Pro គឺមានសែនស័រមេទំហំ 50MP ខ្នាត 1/1.57″ Samsung GN5 និង Ultra-wide 120 ដឺក្រេទំហំ 50MP ជា Samsung JN1 Sensor។ ចំពោះសែនស័រសែលហ្វីវិញ គឺមានទំហំ 16MP ជាសែនស័របង្កប់ក្រោមអេក្រង់ Under-Display Camera។ ក្រៅពីនេះក៏មានបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់, រន្ធដោតកាសខ្នាត 3.5mm, ប្រព័ន្ធបំពងសំឡេងពីរគ្រាប់ Dual 1115K Speakers គាំទ្របច្ចេកវិទ្យាសំឡេង DTS: X ULTRA ហើយនិងមានរន្ធម៉ិចស្រូបសំឡេងចំនួន 3 រន្ធ។ ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះមានកម្រាស់ 8.9mm ជាមួយទំងន់ 229 ក្រាម, គាំទ្រប្រព័ន្ធសេវា 5G, Wi-Fi6E, Bluetooth 5.4, ប្រព័ន្ធ NFC និងប្រើរន្ធ USB-C។

ក្រៅតែពីការប្រកាសចេញម៉ូដែល Red Magic 9 Pro White Special Edition នេះ ក្រុមហ៊ុន Nubia ក៏បានប្រកាសចេញម៉ូដែល Z60 Ultra Year Of the dragon limited Edition មួយទៀតផងដែរ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាខែកុម្ភៈខាងមុខនេះ ដោយម៉ូដែលពិសេសនេះបានប្រកាសចេញលក់ជាផ្លូវការណ៍រួចហើយ៕
