
កាលពីខែវិច្ឆិកាឆ្នាំមុននេះ ក្រុមហ៊ុន Nubia បានប្រកាសចេញនូវស្មាតហ្វូន Red Magic 9 Pro និង Magic 9 Pro+ នៅក្នុងប្រទេសចិន។ នៅថ្ងៃនេះ ក្រុមហ៊ុន Nubia បានប្រកាសថា ស្មាតហ្វូនលេងហ្គេម Red Magic 9S Pro series AI ថ្មី នឹងសម្ពោធជាផ្លូវការនៅក្នុងទីផ្សាររបស់ប្រទេសចិន នាព្រឹត្តិការណ៍ Red Magic Esports Universe នៅថ្ងៃទី 3 ខែកក្កដាខាងមុខនេះហើយ។
ទាក់ទងនឹងស្មាតហ្វូននេះ ក្រុមហ៊ុន Red Magic នៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Red Magic 9S Pro នេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 Leading Version ដែលជាជំនាន់ version ថ្មីរបស់បន្ទះឈីប Snapdragon 8 Gen 3។
គួររំលឹកផងដែរថា ក្រុមហ៊ុន Qualcomm ទើបតែប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 3 កាលពីខែតុលាឆ្នាំមុននេះ ដែលឈីបនេះ មានល្បឿនដល់ទៅ 3.36GHz ហើយកាលពីខែមករាឆ្នាំ 2024 នេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S24 series ដែលមានបន្ទះឈីប Snapdragon 8 Gen 3 សម្រាប់ស្មាតហ្វូន Galaxy ផងដែរ។
បន្ទះឈីបនេះគឺមានល្បឿនដល់ទៅ 3.9GHz។ សម្រាប់បន្ទះឈីប Snapdragon 8 Gen 3 Leading Version នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន Red Magic 9S Pro ហើយវាមានល្បឿន 3.39GHz។ ឈីបនេះ មានល្បឿន GPU លឿនជាងបន្ទះឈីប Snapdragon 8 Gen 2 Leading Version ដែលប្រើប្រាស់នៅលើស្មាតហ្វូន Red Magic 8S Pro កាលពីឆ្នាំមុននេះ។
សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Red Magic 9S Pro មិនទាន់បានទម្លាយនៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងមានភាពខុសគ្នារវាងស្មាតហ្វូន 9S Pro និង 9 Pro នោះគឺទៅលើបន្ទះឈីប។ យោងពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ក្រុមហ៊ុន Nubia អាចនឹងបង្ហាញនូវកុំព្យូទ័រលេងហ្គេម Red Magic នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះផងឌែរ។ កុំព្យូទ័រនេះ នឹងមានបន្ទះឈីប 14th-generation Core i9, RTX 4070 independent graphics card និងតួខ្លួនធ្វើពីលោហធាតុថែមទៀតផង៕
