
Red Magic ដែលជា Sub-brand របស់ក្រុមហ៊ុន Nubia បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ថា ខ្លួននឹងមានការរៀបចំព្រឹត្តិការណ៍ពិសេសមួយនាវេលាម៉ោង 3pm ថ្ងៃទី 05 ខែកញ្ញា ខាងមុខនេះនៅក្នុងប្រទេសចិន។ ដោយព្រឹត្តិការណ៍ថ្ងៃនោះ ត្រូវបានផ្តោតសំខាន់ទៅលើការដាក់សម្ភោធផ្លូវការណ៍នៃឧបករណ៍ Tablet ជំនាន់ថ្មីដែលជា Gaming Tablet របស់ក្រុមហ៊ុន។
បើតាមរូបភាពក្នុងផ្ទាំង Poster នៃព្រឹត្តិការណ៍ថ្ងៃនោះបានបង្ហាញថា Red Magic នឹងមានការដាក់បង្ហាញចេញ Gaming Tablet ចំនួនពីរ។ ដោយក្នុងនោះ Tablet មួយម៉ូដែលត្រូវបានគេរំពងថាមានទំហំអេក្រង់ 10.8-inch និងជា Tablet ដំបូងគេក្នុងលោកដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 3 Leading Version។ ចំនែកមួយម៉ូដែលទៀត គឺបំពាក់បន្ទះឈីប Snapdragon 8 Gen 2 ហើយនឹងមានអេក្រង់ទំហំ 12.4-inch។
Tablet ជំនាន់ថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងមានការគាំទ្រនូវបច្ចេកវិទ្យាសេវា 5G ផងដែរ។ សម្រាប់ម៉ូដែល 12.4-inch ថ្មីនេះ ត្រូវបានគេដឹងថាជាម៉ូដែលស្នងដំណែងពីជំនាន់ Red Magic Gaming Tablet ដែលចេញនៅខែកក្តដាឆ្នាំ 2023។
ដោយម៉ូដែលថ្មីនេះ នឹងប្រកាសចេញដោយប្រើឈ្មោះម៉ូដែល Red Magic Tablet 3D Explorer Edition។ យ៉ាងណាមិញ សម្រាប់លក្ខណៈសម្បត្តិរបស់ Red Magic Tablet ជំនាន់ថ្មីនេះ មិនទាន់ត្រូវបានប្រភពទម្លាយលម្អិតនោះទេ។ សូមរំលឹកថា កាលពីជំនាន់ដំបូង Red Magic Gaming Tablet គឺមានអេក្រង់ទំហំ 12.1-inch LCD Panel កម្រិតបង្ហាញ 2K ល្បឿន 144Hz refresh rate។ ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 8 Gen 1+ ភ្ជាប់ដោយរ៉េមទំហំធំដល់ 16GB LPDRR5 និងទំហំម៉េមូរី 512GB ប្រភេទ UFS3.1។

Red Magic Gaming Tablet មានថ្មទំហំធំដល់ 10,000mAh គាំទ្រកំលាំងសាកភ្លើងលឿន 80W Wired fast charging។ Gaming Tablet នេះមានកាមេរ៉ាមុខទំហំ 16MP និងកាមេរ៉ាក្រោយទំហំ 13MP ជាមួយភ្លើង LED Flash មួយគ្រាប់, ប្រព័ន្ធបំពងសំឡេងចំនួន 4 គ្រាប់ និងប្រតិបត្តិការដោយ Android 14 ស្រោបផ្ទៃមុខកម្មវិធីប្រើប្រាស់ដោយ Red Magic UI៕
