
ក្រុមហ៊ុន Red Magic ទើបតែបានធ្វើការប្រកាសចេញលក់ Gaming Laptop ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Titan 16 Pro ដែលត្រូវបានគេហៅថា Eclipse នៅលើទីផ្សារសកល។ Gaming Laptop ស៊េរីថ្មីនេះត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេសសម្រាប់ទីផ្សារ Gamers ដោយបំពាក់នូវកំលាំងម៉ាស៊ីខ្លាំងនៅក្នុងតួរខ្លួនដែលធន់រឹងមាំ។ Red Magic Titan 16 Pro មានតួរខ្លួនស្រោបដោយលោហៈពេញតែម្តងជាមួយប្រព័ន្ធការពារ dust-proof និងសារធាតុ anti-static។
Gaming Laptop ស៊េរីថ្មីនេះមានអេក្រង់ទំហំ 16-inch កម្រិត WQXGA-Display ជាមួយកម្រិតពន្លឺខ្ពស់ដល់ 500nits ជាមួយប្រព័ន្ធ DC dimming និងល្បឿន refresh rate ខ្ពស់ដល់ 240Hz។ អេក្រង់របស់ Red Magic Titan 16 Pro គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាចាក់ពណ៌កម្រិត 100% DCI-P3 ដែលធ្វើឲ្យការបង្ហាញកម្រិតទឹកពណ៌បានច្បាស់ត្រឹមត្រូវ 100%។ បន្ថែមពីនេះអេក្រង់របស់ Gaming Laptop នេះមានល្បឿន response time 3ms, គាំទ្រមុខងារ G-Sync និងមានមុខងារ tree-mode សម្រាប់ធ្វើការកំនត់សម្រាប់ការលេងហ្គេមថែមទៀតផង។

កំលាំងម៉ាស៊ីនរបស់ Titan 16 Pro គឺអូសដោយបន្ទះឈីបខួរក្បាល Intel-core i9-14900HX ភ្ជាប់ជាមួយអង្គ GPU ខ្លាំងស៊េរី Nvidia GeForce RTX4060 ទំហំ 8GB GDDR6 អាចផលិតកំលាំងបានដល់ 195W។ កំលាំងម៉ាស៊ីន Gaming Laptop នេះ គាំទ្រដំណើរការដោយរ៉េមទំហំ 16GB ប្រភេទ DDR5 និងអាចបង្កើនទំហំដល់ 32GB រួមនឹងប្រើអង្គផ្ទុកទិន្នន័យប្រភេទ PCI-E 4.0 x4 SSD។
នៅលើប្រព័ន្ធម៉ាស៊ីនរបស់ Red Magic Titan 16 Pro ក៏មានបំពាក់នូវប្រព័ន្ធសារធាតុត្រជាក់ដើម្បីបន្សាយកម្តៅដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធកង្ហាលចំនួន 3, បំពងសារធាតុត្រជាក់ចំនួន 7 និងសារធាតុ Liquid metal ដើម្បីធ្វើការគ្រប់គ្រង និងកាត់បន្ថយការឡើងកម្តៅរបស់ម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាមួយប្រព័ន្ធកង្ហាល Dual turbo fans ដែលមានល្បឿន 4,500rpm រួមនឹងប្រព័ន្ធសារធាតុ Liquid crystal polymer blades គឺរក្សាបាននៅភាពត្រជាក់របស់ម៉ាស៊ីនមិនឲ្យកើនកម្តៅខ្លាំងនៅអំឡុងពេលដំណើរការលេងហ្គេម។ Gaming Laptop ស៊េរីថ្មីនេះ ក៏គាំទ្រនូវមុខងារ Dual Display និង Multiple performance mode ក្នុងការ optimize ទៅលើការប្រើប្រាស់អង្គ GPU និង CPU ផងដែរ។ Titan 16 Pro មានថ្មទំហំ 80Whr និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿនដល់ 100W Wired Fast Charging។
បន្ថែមពីនេះ Red Magic Titan 16 Pro នៅមានមុខងារ Red Magic Game Space និង Goper App ដើម្បីគ្រប់គ្រង់ទៅលើល្បឿនដំណើរការ ក៏ដូចជាការផ្លាស់ប្តូររវាងអង្គក្រាហ្វិចជាប់ និងអង្គក្រាហ្វិចដាច់ថែមទៀតផង។ ហើយសម្រាប់រន្ធដំណរភ្ជាប់នៅលើ Titan 16 Pro Gaming Laptop នេះវិញមានដូចជា Thunderbolt 4, USB-A, HDMI 2.1, RJ45 Ethernet, និង Wi-Fi 6E រួមជាមួយប្រព័ន្ធកាមេរ៉ា IR Webcam ដែលគាំទ្រដំណើរការ Windows Hello សម្រាប់ការការស្កែនមុខដោះសោរសុវត្ថិភាពជាដើម។

Red Magic Titan 16 Pro Gaming Laptop ឬ Titan 16 Pro Eclipse នឹងមានលក់ផ្លូវការណ៍សម្រាប់ទីផ្សារសកលនៅថ្ងៃទី 29 ខែសីហា ខាងមុខនេះ ជាមួយតម្លៃខ្ទង់ $1,699។ ហើយសម្រាប់ការបញ្ជាទិញមុន គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី 22 សីហា ស្អែកនេះទៅ ជាមួយការកក់មុនប្រមាណ $99 ហើយក៏មានការបន្ថែមជួយដោយឥតគិតថ្លៃនូវគ្រឿង Accessories ដែលមានតម្លៃប្រមាណ $199 ផងដែរ៕
