ស្វែងរកពួកយើង:

Redmi លុបចោលគម្រោងស្មាតហ្វូនខ្នាតតូច Compact Flagship របស់ខ្លួន

ដោយ

Koun Jab Luffy

28 តុលា 2024 10:12 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើន កាលពីដើមខែកន្លងទៅនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Redmi អាចនឹងអភិវឌ្ឍទៅលើស្មាតហ្វូនខ្នាតតូច Compact Flagship នៅត្រកូលស្មាតហ្វូន Redmi K80 series របស់ខ្លួនដែលគ្រោងនឹងប្រកាសចេញនាពេលខាងមុខនេះ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ឬ Snapdragon 8 Elite ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានអេក្រង់ទំហំ 6.3-អ៊ីង ហើយនិងមានថាមពលថ្មទំហំ 6000mAh បើទោះបីជាស្មាតហ្វូននេះមានរូបរាងតូចក៏ដោយ។
ប៉ុន្តែពេលនេះមានការប្រែប្រួលហើយ ដោយស្មាតហ្វូនដែលមានរូបរាងតូចថ្មីនេះ នឹងមិនបង្ហាញខ្លួននោះទេ។ បើតាមអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo នៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុននេះ គឺបានសម្រេចចិត្តលុបចោលការផលិតស្មាតហ្វូនអេក្រង់តូចត្រកូល Redmi នេះហើយ។ សូមជំរាបថា ដើម្បីប្រជែងជាមួយនិង iPhone ថ្មីៗនេះ ក្រុមហ៊ុន Vivo ក៏ទើបតែបង្ហាញនូវស្មាតហ្វូនខ្នាតតូចនោះគឺ  X200 Pro Mini ដែលជាស្មាតហ្វូនប្រណិតនៅក្នុងត្រកូល Pro ដែលមានរូបរាងតូចបំផុត។
Article image
យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Redmi K80 Pro នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite ដែលជាឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm។ ការប្រើឈីបនេះ គឺមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដោយសារតែឆ្នាំមុននេះ ស្មាតហ្វូន K70 Pro ក៏មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3  ដែលមានកម្រិតខ្ពស់ដូចគ្នា។ ស្មាតហ្វូន K80 Pro នឹងមានថាមពលថ្មទំហំ  6000mAh silicon ដែលមានការ upgrade ពីថាមពលថ្ម 5000mAh របស់ស្មាតហ្វូន K70 Pro ។
បើមើលទៅលើស្មាតហ្វូន Redmi K80 នេះ គឺមានបន្ទះឈីប Snapdragon 8 Gen 3 និងថាមពលថ្មធំគឺ 6500mAh។ បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូន Redmi K80 គឺនឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP។ សម្រាប់ស្មាតហ្វូន K80 នឹងមានបំពាក់នូវ Telephoto lens ខណៈពេលដែលម៉ូឌែល Pro នឹងមានបំពាក់នូវ  50MP ជាមួយនឹងការហ៊្សូមបាន 3x zoom ដោយមានការបង្កើនពី 2x zoom របស់ស្មាតហ្វូន K70 Pro។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ក៏នឹងមានបំពាក់នូវ IP69 សម្រាប់ការពារធូលី និងទឹក ផងដែរ ។ បើមើលទៅលើផ្នែកខាងមុខនោះ ស្មាតហ្វូន K80 series នេះ គឺនឹងមានអេក្រង់ទំហំ 6.67-អ៊ីង កម្រិត 2K ល្បឿន 120Hz ដែលជាបន្ទះអេក្រង់របស់ក្រុមហ៊ុន TCL Huaxing Optoelectronics៕