ស្វែងរកពួកយើង:

Redmi K70 Ultra នឹងបំពាក់បន្ទះឈីប Dimensity 9300+ រួមជាមួយឈីបផ្ទាល់ខ្លួនចំនួន 4 បន្ថែមទៀត

ដោយ

Koun Jab Luffy

15 កក្កដា 2024 07:27 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Redmi បានទម្លាយនូវព័ត៌មានជាច្រើនជាបន្តបន្ទាប់របស់ស្មាតហ្វូន Redmi K70 Ultra ខណៈពេលដែលកាលបរិច្ឆេទនៃការប្រកាសចេញស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសចិន មិនទាន់បញ្ជាក់នៅឡើយទេ។ បើតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station នៅថ្ងៃនេះ ក៏បាននិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra នេះ គឺមានការដាក់អោយដំណើរការនៅលើបន្ទះឈីបចំនួន 4 ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុន Redmi ហើយនិងមានការបំពាក់នូវបន្ទះឈីបមួយទៀតនោះគឺ MediaTek Dimensity 9300+។ ក្រុមហ៊ុននេះបញ្ជាក់ថា បន្ទះឈីប Surge P2 គឺប្រើប្រាស់សម្រាប់ការសាកថ្មលឿន និងបន្ទះឈីប G1 សម្រាប់គ្រប់គ្រងទៅលើថាមពល T1 និងពង្រឹងទៅលើរលកសញ្ញា ខណៈដែល D1 សម្រាប់ដំណើរការអេក្រង់។
Article image
សូមជំរាបថា ក្រុមហ៊ុន Xiaomi បានប្រើប្រាស់នូវបន្ទះឈីបរបស់ខ្លួននៅលើស្មាតហ្វូន Redmi ជាច្រើនអស់ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្មាតហ្វូន K70 Ultra នេះ ក៏មានបំពាក់នូវបច្ចេកវិទ្យាជាច្រើនអភិវឌ្ឍដោយក្រុមហ៊ុននេះផងដែរ។ ខណៈពេលដែលមុខងារជាច្រើន ត្រូវបានទម្លាយដោយការបែកធ្លាយជាច្រើនរួចហើយនោះ នៅថ្ងៃនេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra គឺមានអេក្រង់កម្រិត 1.5K C8+ របស់ក្រុមហ៊ុន TCL Huaxing រត់នៅលើល្បឿន 144Hz refresh rate ហើយនិងគាំទ្រដោយបច្ចេកវិទ្យា 3840Hz ultra-high frequency PWM dimming។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានការទ្រទ្រង់ទៅលើ DC dimming ក្នុងការគ្រប់គ្រងពន្លឺ brightness settings ផងដែរ។
ស្មាតហ្វូន Redmi K70 Ultra នឹងមានគែមធ្វើពីលោហធាតុ ហើយនិងមានការឌីស្សាញជាមួយគែមកោងទៅលើជ្រុងទាំង 4 កញ្ចក់ខាងក្រោយ។ ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានទំហំ 50-Megapixel គាំទ្រជាមួយនឹងប្រព័ន្ធទប់លំនឹង Optical Image Stabilization (OIS)។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានជម្រើសពណ៌ខ្មៅ ស និងស្វាយ។
ស្មាតហ្វូន Redmi K70 Ultra នេះ មានថាមពលថ្មទំហំ 5500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W wired charging។ នៅលើស្មាតហ្វូននេះក៏មាន IP68 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។ ស្មាតហ្វូន Redmi K70 Ultra នេះ ត្រូវគេរំពឹងថា នឹងមានការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 និង Mix Flip នៅខែនេះនៅក្នុងប្រទេសចិនផងដែរ។
Article image
ស្មាតហ្វូន Redmi K70 Ultra អាចនឹងលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ បើតាមការទម្លាយកន្លងមក បានរំពឹងថា ស្មាតហ្វូន Redmi K70 Ultra នឹងមានកាមេរ៉ាល្អជាងមុន ហើយអាចនឹងបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិក្នុងនាមជាស្មាតហ្វូន Xiaomi 14T Pro ផងដែរ៕
Redmi K70 Ultra នឹងបំពាក់បន្ទះឈីប Dimensity 9300+ រួមជាមួយឈីបផ្ទាល់ខ្លួនចំនួន 4 បន្ថែមទៀត