
ខណៈដែលក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series នៅចុងខែនេះ នៅថ្ងៃនេះមានដំណឹងថ្មីថា Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ក៏នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K80 Series។ ស្មាតហ្វូនថ្មីនេះ នឹងមានចំនួនពីរម៉ូដែលរួមមានដូចជាម៉ូដែលស្តង់ដារ K80 និងម៉ូដែល K80 Pro។
យោងតាមព័ត៌មានថ្មីរបស់ Digital Chat Station នៅថ្ងៃនេះ គឺមានចែករំលែកនូវព័ត៌មានរបស់ Redmi K80 Pro ហើយតាមរយៈនៃការបញ្ចេញនូវរូបភាព Screenshot ថ្មីមួយ។ តាមរយៈរូបភាពនេះ គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite។ ស្មាតហ្វូន K80 Pro ត្រូវបានគេទម្លាយថា អាចនឹងមានការបំពាក់នូវថាមពលថ្មទំហំ 6000mAh ប្រៀបធៀបជាមួយនិងថាមពលថ្មនៅលើ K70 Pro មានទំហំត្រឹមតែ 5000mAh ប៉ុណ្ណោះ។

អ្នកទម្លាយ Digital Chat Station ថែមទាំងបាននិយាយទៀតថា ស្មាតហ្វូននេះនឹងមានថ្មកម្លាំងផ្ទុកធំជាងមុន ប៉ុន្តែមានទំហំថ្មតូចជាងមុន។ ថ្មនេះគឺជាថ្មប្រភេទ Silicon មានសមត្ថភាពខ្ពស់ជាង Lithium។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូន K80 Pro ក៏នឹងមានការគាំទ្រនូវកម្លាំងសាក 100W fast charging ផងដែរ។

ទាក់ទងនឹងព័ត៌មានថាមពលថ្មនេះ អ្នកទម្លាយ Digital Chat Station ក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូនថ្មីនេះ នឹងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាសាក wireless charging ទៀតផង។ ប្រសិនបើនេះគឺជាការពិតនោះ ស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេនៅក្នុងត្រកូល Redmi K-series ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ។
